(បាងកក)៖ ក្រោយពីមានការចេញផ្សាយព័ត៌មានព្រោងព្រាត អំពីកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះ មេដឹកនាំ​របបយោធាទីក្រុងបាងកករូបនេះ បានលើកឡើងពីសម្តីលោក ត្រាំ បានប្រាប់លោកនាគ្រានោះថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជិតស្និទ្ធជាងពេលណាៗទាំងអស់»។ នេះបើតាមការដកស្រង់ការ​ផ្សាយពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

លោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មាននានា ក្នុងទីក្រុងបាងកកយ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិក​បាននិយាយថា យើងជាសម្ព័ន្ធមិត្តដ៏ល្អរបស់ពួកគេ ហើយលោកក៏បានធានាចំពោះខ្ញុំដែរថា ទោះបីជា​យើងហាក់នៅឆ្ងាយពីគ្នាមួយរយៈថ្មីៗនេះក្តី ក៏ទំនាក់ទំនងអាមេរិក-ថៃ ចាប់ពីឥឡូវនេះតទៅ នឹងកាន់តែស្និទ្ធស្នាលជាងពេលណាៗទាំងអស់»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ព្រមទាំងផ្ញើលិខិតអញ្ជើញផងដែរ ចំពោះប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ ដើម្បីលើកឡើងពីបញ្ហាកំពុងប្រឈម​ជាមួយនឹងកូរ៉េខាងជើង  បានអញ្ជើញមេដឹកនាំទាំងបីរូបនេះ មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកតែម្តង។

ការទូរស័ព្ទសន្ទនាគ្នា​ជាមួយនាយករដ្ឋមន្ត្រី​ថៃ ត្រូវបានរៀបចំ​ឡើងនៅវេលា​ថ្ងៃអាទិត្យ ទី៣០ ខែមេសា (ពេលវេលា​នៅវ៉ាស៊ីនតោន) ត្រូវនឹងពេល​វេលារំលងអាធ្រាត​ឈានចូលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧ (ពេលវេលានៅ​ទីក្រុងបាងកក)។ ទោះបីជាបែបនេះក្តី ខាងរដ្ឋាភិបាលថៃ និងសិង្ហបុរី ឬសូម្បីហ្វីលីពីន នៅមិនទាន់ធ្វើ​ការបញ្ជាក់ថា តើដំណើរបំពេញ​ទស្សនកិច្ចនោះ​ នឹងត្រូវធ្វើឡើងនាពេល​ណាច្បាស់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្ទនានោះ លោក ប្រាយុទ្ធ និងលោក ត្រាំ សុទ្ធតែបានប្តេជ្ញាដូចគ្នា ​​នៅក្នុងការរក្សា​ការពារឲ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយក្នុងនោះ​ក៏មានការលើកឡើងពីការពង្រឹង និងពង្រីកទំនាក់ទំនង​ពាណិជ្ជកម្មរវាង ថៃ-អាមេរិក ផងដែរ។ ព័ត៌មានខាងលើនេះត្រូវបានផ្សព្វផ្សាយ ក្រោយសេតវិមានអាមេរិកបញ្ជាក់ព័ត៌មាន​ពីការ​អញ្ជើញ​របស់លោក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតី​ហ្វីលីពីនលោក ឌូតឺតេ ឲ្យមកបំពេញ​ទស្សនកិច្ចនៅ​អាមេរិក ដើម្បីពិភាក្សាស្វែងរក​ដំណោះស្រាយបញ្ហា​កូរ៉េខាងជើងជាចម្បង៕