(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង​នាថ្ងៃអង្គារនេះ បានទាមទារឲ្យធ្វើការបញ្ឈប់ប្រព័ន្ធការពារមីស៊ីល​អាមេរិក THAAD ជា​បន្ទាន់ នៅប៉ុន្មានម៉ោង​ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបញ្ជាក់​អះអាងថា ខែលការពារមីស៊ីលនេះ បាន​ដំ​ណើរ​ការ​​ហើយ​​​នៅ​​លើ​ទឹក​​ដី​​​នៃ​​ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បានលើក​ឡើងថា «គោលជំហរ​​របស់ចិនបានបង្ហាញ​យ៉ាងច្បាស់លាស់​ និងដោយរឹងមាំ។ យើងជំទាស់ដាច់​ខាតចំពោះ​ការតំឡើង​ប្រព័ន្ធ THAAD នៅ​កូរ៉េខាងត្បូង និង​​សូម​​ស្នើ​​យ៉ាង​ទទូច​ជាថ្មីម្តង​ទៀត ដល់គ្រប់ភាគី​ដែលពាក់ព័ន្ធ​ឲ្យបញ្ឈប់ការ​ដាក់ពង្រាយនេះ​ជាបន្ទាន់ ហើយ​យើង​នឹង​ចាត់​វិធាន​​ការ​​ចាំបាច់ផ្សេងៗ ដើម្បីថែរក្សា​ផលប្រយោជន៍ជាតិ​របស់យើង»

គួរបញ្ជាក់ថា នាព្រឹកថ្ងៃ​ដដែលនេះ កងទ័ពអាមេរិក​ប្រចាំកូរ៉េខាងត្បូង (USFK) បានអះអាងថា «ប្រព័ន្ធមីស៊ីល THAAD កំពុងធ្វើ​ប្រតិបត្តិការហើយ​ និងមានសមត្ថភាព​ពេញលេញ ក្នុងការស្ទាក់​ចាប់មីស៊ីល និងការពារកូរ៉េខាងត្បូង​ពី​ការ​វាយ​ប្រហារ​​ជាយថាហេតុណាមួយ ដោយកូរ៉េខាងជើង»។ ការប្រកាសបែបនេះ​ធ្វើឡើងតែជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី USFK បានតំឡើង THAAD នៅលើអតីត​ទីលានវាយកូនហ្គោល​ក្នុងទីក្រុង Seongju នៃខេត្ត Gyeongsang ខាងជើង ខណៈប្រជាជន​នៅក្នុងតំបន់ និងប្រទេសជិតខាង​គឺរុស្ស៊ី និងចិន នៅតែប្រកាន់ជំហរ​ជំទាស់ដដែល៕