(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងមិនមែនមានអាវុធនុយក្លេអ៊ែរ តែមួយមុខនោះទេ ប៉ុន្តែប្រទេស​កុម្មុយនីស្ដ​មួយនេះ ក៏មានអាវុធផ្សេង​ទៀត ដែលអាចវាយ ប្រហារ​លើកងទ័ពអាមេរិក​កំពុងឈរជើង​នៅលើទឹកដី​កូរ៉េខាងត្បូង និងជប៉ុនផងដែរ ដែលនេះហើយ ជាហេតុផលធ្វើឱ្យ​ទីក្រុងវ៉ាស៊ីនតោន រារែកចិត្តក្នុងការប្រើប្រាស់កម្លាំងយោធា លើទីក្រុងព្យុងយ៉ាង។ នេះបើតាមលោក Brian Becker នាយកចលនាប្រឆាំងសង្រ្គាម ANSWER មានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា ដកស្រង់ដោយសារព័ត៌មាន Russian Taday នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​របស់លោក Brian Becker ធ្វើឡើងដើម្បី​ជាការឆ្លើយតបនឹង ព្រឹទ្ធសមាជិក មកពីគណបក្ស​សាធារណរដ្ឋ លោក John McCain បាននិយាយថា កូនសោរ​ដោះស្រាយវិបត្តិ​នៅលើឧបទ្វីបកូរ៉េ គឺចិន។ ជុំវិញបញ្ហានេះ​ដែរ លោក Brian Becker កត់សម្គាល់ថា លោក McCain មើលឃើញថា ការដោះស្រាយជា​មួយកូរ៉េខាងជើង គឺផ្ទុយគ្នាស្រឡះ​ទៅនឹងអ្វីដែល​សហរដ្ឋអាមេរិក ធ្លាប់បានធ្វើ​នៅអ៊ីរ៉ាក់ លីប៊ី ឬក៏អាហ្វហ្គានីស្ថាន។

លោក Becker បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា លោក John McCain យល់យ៉ាង​ច្បាស់ថា ដោះស្រាយ​នឹងទីក្រុង​ព្យុងយ៉ាង មិនអាចប្រើប្រាស់​កម្លាំងយោធា​នោះទេ ពីព្រោះកូរ៉េខាងជើង ខុសគ្នាស្រឡះ​ពីអ៊ីរ៉ាក់ ឬក៏លីប៊ី។ ម្យ៉ាងវិញទៀត​មន្ត្រីជាន់ខ្ពស់ នៃអតីតរដ្ឋបាល​ប្រធានាធិបតីអាមេរិក លោក George W Bush បាន​ប្រាប់ខ្ញុំថា សហរដ្ឋអាមេរិក​ឈ្លានពានអ៊ីរ៉ាក់ ដោយសារតែ​វាងាយស្រួលវាយ​ដណ្ដើមយក។ ក៏ប៉ុន្តែ​ជាមួយកូរ៉េខាងជើង មើលទៅមិនអាច​ទៅរួចឡើយ ត្បិត​ទីក្រុងព្យុងយ៉ាង មិនមែនមាន​អាវុធនុយក្លេអ៊ែរតែ​មួយមុខនោះទេ ពោលគឺរបបលោក គីម ជុងអ៊ុន ក៏មានអាវុធ​ផ្សេងទៀត ដែលអាចវាយប្រហារ​លើកងទ័ព អាមេរិកកំពុងឈរជើង​នៅកូរ៉េខាងត្បូង និងជប៉ុនថែមទៀតផង»

គួរបញ្ជាក់ថា បើតាមសម្តីលោក Brian Becker ការដែលសហរដ្ឋអាមេរិកបាញ់មីស៊ីលស្រោច លើមូលដ្ឋានទ័ពស៊ីរី និងទម្លាក់មហាកំពូលគ្រាប់បែក (Mother of all bomb) លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន គ្រាន់តែដើម្បីបន្លាចកូរ៉េខាងជើងប៉ុណ្ណោះ។ កាលពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ប្រជាជនកូរ៉េជាង0៥លាននាក់បានស្លាប់ តែក៏មិនអាច ធ្វើឱ្យកូរ៉េខាងជើង បាក់ស្បាតបាននោះដែរ ហើយបើទោះជា​ទីក្រុងវ៉ាស៊ីនតោន ប្រើកម្លាំងយោធា​លើកូរ៉េខាងជើងមែន យើងសូមសួរថា តើចិនអាចឈរអោបដៃមើល​សង្រ្គាមផ្ទុះឡើង នៅក្បែររបងផ្ទះខ្លួនឯងដែរឬទេ? ខណៈចម្លើយ​នៃសំណួរនេះ ចិនបានឆ្លើយម្ដងរួចមកហើយ​នៅក្នុងសង្រ្គាមកូរ៉េ៕