(វ៉ាស៊ីនតោន)៖ លោក Bill Shine សហប្រធាននៃប៉ុស្តិ៍ទូរទស្សន៍ Fox News បានសម្រេចលាលែង​ពីតំណែង នៅ​ចំពោះ​មុខ​ការ​ផ្ទុះ​រឿងអាស្រូវ​បៀតបៀនកេរ្តិ៍ខ្មាស​ ដែលធ្លាប់បានកើតមាន​ឡើងក្នុងបណ្តាញសារព័ត៌មាន​អាមេរិកមួយនេះ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

ការលាលែងពីតំណែង​របស់លោក Shine ត្រូវបានធ្វើឡើង​បន្ទាប់ពីមាន​សេចក្តីរាយការណ៍ថា សារព័ត៌មាន Fox News បានបង់ប្រាក់​ពិន័យចំនួន ១៣លានដុល្លារ ដើម្បីដោះស្រាយ​រឿងក្តីបៀតបៀន​កេរ្តិ៍ខ្មាស​ ប្រឆាំងនឹងអតីត​ពិធីករជើង​ចាស់​​ដ៏ល្បីឈ្មោះ​លោក Bill OReilly ចោទប្រកាន់ដោយស្រ្តី​ចំនួនប្រាំនាក់ ខណៈលោក OReilly ត្រូវបានបញ្ឈប់​ពីការងារកាលពី​ខែមេសា​​កន្លង​ទៅ​នេះ​។ ម៉្យាងវិញ​ទៀត​​លោក Roger Ailes អតីត​នាយក​ប្រតិបត្តិ​​របស់ Fox News ក៏បានចុះចេញពី​តំណែង​កាល​ពី​កក្កដា ឆ្នាំ២០១៦ ដោយសារតែរឿង​អាស្រូវបៀតបៀន​កេរ្តិ៍ខ្មាស​ផងដែរ។

គួរបញ្ជាក់ថា លោកស្រី Suzanne Scott ដែលជាបុគ្គលិកជើងចាស់​របស់បណ្តាញ​សារព័ត៌មាន Fox News នឹង​មក​ជំនួស​​តំណែងរបស់​លោក Bill Shine ជាសហប្រធានមួយរូបរបស់ស្ថាប័ន​សារព័ត៌មាន និងទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះ៕