(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែរុញច្រាន​ឧបទ្វីបកូរ៉េ​ឲ្យធ្លាក់​មាត់​ជ្រោះនៃភ្លើងសង្រ្គាម បន្ទាប់ពីយន្តហោះចម្បាំងទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដ៏មានអនុភាពចំនួនពីរគ្រឿងរបស់​សហ​រដ្ឋអាមេរិក បានចល័តនៅលើតំបន់នេះនៅក្នុងសមយុទ្ធ ជាមួយកងទ័ពជើងអាកាសកូរ៉េខាងត្បូង។ នេះបើតាមការ​ចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ​ ទី០២ ខែឧសភា ឆ្នាំ២០១៧។

យន្តហោះទម្លាក់​គ្រាប់បែក B-1B Lancer ត្រូវបានបញ្ជូន​មកចូលរួម​សមយុទ្ធ​ផ្លូវអាកាស នៅក្នុង​កូរ៉េខាងត្បូង កាលពីថ្ងៃ​ចន្ទ​ម្សិលមិញនេះ ស្របពេល​ដែលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអះអាង​លោកបើកចំហ​ចំពោះជំនួប​មេ​ដឹក​នាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅក្នុងកាលៈទេសៈ​ដ៏សមស្របមួយ ទោះបីជា​ទីក្រុងព្យុងយ៉ាង​បាន​បង្ហាញជំហរថា​ នឹងនៅតែបន្ត​អភិវឌ្ឍន៍កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន ក្នុងល្បឿនលឿន​ពេញលេញតែម្តង​យ៉ាង​ណាក្តី​។

ជុំវិញបញ្ហានេះ​ទីភ្នាក់ងារព័ត៌រដ្ឋ​កូរ៉េខាងជើង KCNA បានអះអាងថា​ យន្តហោះ​ទម្លាក់គ្រាប់បែក​អាមេរិកទាំងពីរ​​គ្រឿង បានធ្វើ​ការ​​ហ្វឹក​ហាត់​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​ប្រឆាំងនឹងគោលដៅ​សំខាន់ៗ​ នៅក្នុងទឹកដីរបស់ខ្លួន ហើយ​សកម្ម​ភាព​​យោ​ធា​បង្ក​ហេតុ​យ៉ាង​ធ្វេសប្រហែស​បែបនេះ កំពុងតែរុញច្រាន​ស្ថានការណ៍នៅក្នុង​តំបន់ឧបទ្វីបកូរ៉េ ឲ្យ​ខិត​កាន់​ជិត​មាត់​ជ្រោះ​​នៃ​ភ្លើង​សង្រ្គាម។

គួរបញ្ជាក់ថា ភាពតានតឹង​នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ បានកើនឡើង​កម្តៅយ៉ាងខ្លាំងក្លា អស់រយៈពេល​ប៉ុន្មានសប្តាហ៍​​ចុង​ក្រោយនេះ ហើយវា​បានបណ្តាលមកពីក្តី​ព្រួយបារម្ភដែលថា កូរ៉េខាងជើង​ប្រហែលជា​អាចធ្វើការសាកល្បង​ បំផ្ទុះ​ក្បាល​​គ្រាប់នុយក្លេអ៊ែរជាលើកទី០៦របស់ខ្លួន នៅក្នុងប្រឆាំងរឹងរូស​ចំពោះការដាក់សម្ពាធ​ ពីសំណាក់សហរដ្ឋអាមេរិក​ រួម​ទាំង​សម្ព័ន្ធដ៏សំខាន់តែ​មួយគត់របស់ទីក្រុងព្យុងយ៉ាង​គឺប្រទេសចិន៕