(ការ៉ាកាស)៖ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវឱ្យមានការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញថ្មីមួយ ខណៈការតវ៉ាទាមទារឱ្យលោកចុះចេញពីតំណែងបានឈានចូលដល់ ខែទី០២ហើយ។ រីឯក្រុមអ្នកជំនាញបានមើលឃើញថា វាគឺជាលែសរារាំងដល់ការរៀបចំការបោះឆ្នោត ថ្នាក់តំបន់ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Washington Post នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

ការទាមទារ​ធ្វើវិសោធនកម្ម​រដ្ឋមធម្មនុញ្ញ របស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពី​ក្រុមបាតុកររាប់ពាន់នាក់ នៅតែបន្តធ្វើ​បាតុកម្មតវ៉ា​ទាមទារ ឱ្យលោកចុះចេញពីតំណែង។ លោក ម៉ាឌូរ៉ូ ក៏បានអះអាងដែរថា វេណេស៊ុយអេឡា គួរតែមាន​សភាប្រជាជន និងរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីស្ដារឡើងវិញ​នូវសន្តិភាព ក៏ដូចជាទប់ស្កាត់ការ​ធ្វើរដ្ឋប្រហារ។ ក៏ប៉ុន្តែក្រុមគណបក្សប្រឆាំង ដែលគ្រប់គ្រងសភាជាតិ បានច្រាន​ចោលសំណើរនេះ និងចោទថា ប្រធានាធិបតី​វេណេស៊ុយអេឡារូបនេះ មានចេតនា​បំផ្លាញបទបញ្ញត្តិ​នៃរដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន សំដៅពង្រឹង​អំណាចខ្លួនឯង។

ជាងនេះទៅទៀត ក្រុមអ្នកជំនាញ​មួយចំនួនដូចជា លោក Luis Vicente Leon យល់ថា ការទាមទារ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់លោក ម៉ាឌូរ៉ូ គ្រាន់តែជា​លែសរារាំងដល់ការរៀប ចំការបោះឆ្នោតថ្នាក់តំបន់នៅក្នុងឆ្នាំ២០១៧នេះ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៨ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមខែមេសាកន្លងទៅ មនុស្ស២៩នាក់បានស្លាប់ និងរាប់រយនាក់​បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងអាជ្ញាធរ និងក្រុមបាតុករ​ដែលធ្វើបាតុកម្មទាមទារឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ចំពេលប្រទេសនៅក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ កំពុងញាំញីនឹងវិបត្តិសេដ្ឋកិច្ច និងប្រឈមមុខ​នឹងការក្ស័យធន៕