(សេអ៊ូល)៖ យន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្ត ដ៏មានអានុភាពចំនួនពីរគ្រឿង របស់សហរដ្ឋអាមេរិក នាពេល​ថ្មីៗ​​នេះ​​បាន​ធ្វើ​​សម​យុទ្ធយោធាផ្លូវអាកាស ជាមួយក្រុមយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង នៅចំពោះមុខភាពតានតឹង​ ដែល​កំពុងតែបន្តកើនឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

យោងតាមប្រភព​ពីមន្រ្តីយោធា​កូរ៉េខាងត្បូងម្នាក់​ ក្រោមលក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍​​នេះឲ្យដឹងថា យន្តហោះទម្លាក់ B-1B Lancer ចំនួនពីរគ្រឿង បានអនុវត្តន៍​ការហ្វឹកហាត់តាមផ្លូវអាកាស នៅលើតំបន់ឧបទ្វីប​កូរ៉េ​​អស់រយៈពេលចន្លោះពី ០២ទៅ០៣ម៉ោង បន្ទាប់ពីពួកវា​បានចាកចេញពី​មូលដ្ឋានទ័ព​អាកាសអាមេរិក Anderson ស្ថិត​​នៅ​​លើ​​កោះ​ហ្គាំ​ និងបានមក​ដល់ដែនទឹក​ភាគខាងកើត​ប្រទេសកូរ៉េខាងត្បូង នាវេលា​រសៀលថ្ងៃចន្ទ។

គួរបញ្ជាក់ដែរថា នាពេលនេះ​ក្រុមនាវាដឹកយន្តហោះ​ចម្បាំង USS Carl Vinson និងនាវាមុជទឹក USS Michigan របស់​សហរដ្ឋអាមេរិក​ ក៏កំពុងតែចល័តនៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ ដើម្បីបង្ហាញឥទ្ធិពលយោធាដាក់​​កូរ៉េខាងជើងផងដែរ ស្រប​ពេល​ដែល​​របប​ដឹក​នាំ​​ទីក្រុង​ព្យុង​យ៉ាង​​បានព្រមានបាញ់​ពន្លិចនាវាទាំង​នោះចោល៕