(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការជជែកពិភាក្សាតាមប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយនេះគឺជាការ​​និយាយទូរស័ព្ទទាក់ទងគ្នាលើកដំបូង គិតចាប់តាំងពីទីក្រុងម៉ូស្គូបានថ្កោសទោស ការវាយប្រហារដោយគ្រាប់មីស៊ីល​ចំនួន ៥៩គ្រាប់​របស់ទីក្រុងវ៉ាស៊ីនតោន ​ប្រឆាំងទៅលើប្រទេសស៊ីរីកាលពីខែមេសាកន្លងទៅ។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

យោងតាមមន្រ្តី​ប្រចាំនៅសេតវិមាន លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន នឹង​ជជែក​គ្នា​​នា​វេលា​រ​សៀល​នៅ​ក្នុង​ការ​​ពិភាក្សាគ្នាតាមទូរស័ព្ទលើកទីបីរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ បានឡើងកាន់អំណាចមក។ ការ​​និយាយទូរស័ព្ទលើកចុងក្រោយបំផុតរបស់លោក ត្រាំ នឹងលោក ពូទីន ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីវាយ​ប្រហារ ដោយភេរវកម្មនៅក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី កាលពីអំឡុងដើមខែមេសា ហើយលោកទាំង​ពីរ​​ក៏បាននិយាយសំណេះ​សំណាលគ្នា នៅមួយសប្តាហ៍​ក្រោយពិធីស្បថឡើង​កាន់តំណែង​របស់លោក ត្រាំ កាលពី​ខែ​មករា​ផងដែរ។

គួរបញ្ជាក់ថា សេចក្តីប្រកាស​អំពីការពិភាក្សាគ្នា​តាមទូរស័ព្ទ​សាជាថ្មីម្តងទៀតនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល​​ដែលលោក វ៉្លាឌីមៀ ពូទីន បានចាត់ទុក​ការវាយប្រហាររបស់​សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស​របស់​រដ្ឋា​ភិបាលស៊ីរីថា​ ជាការឈ្លានពានលើអធិបតេយ្យ​រដ្ឋ​ ដែលបំពានលើ​ច្បាប់អន្តរជាតិ៕