(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិកជាថ្មីម្ដងទៀត បានព្រមានដល់ប្រជាជនអាមេរិកទំាងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់​នៅពេលធ្វើដំណើរ ទៅកាន់បណ្ដាប្រទេសអឺរ៉ុប ដោយសារតែការគំរាមកំហែង​វាយប្រហារភេរវកម្ម នៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ព្រមាន​របស់ខ្លួន ក្រសួងការបរទេស​អាមេរិកបានបញ្ជាក់ដូច្នេះថា «ប្រជាជនអាមេរិក​ទំាងអស់​គួរតែមានការប្រុងប្រយ័ត្នខ្ពស់ នៅពេល ធ្វើដំណើរ​ទៅអឺរ៉ុប​ បន្ទាប់ពីមាន​ការវាយប្រហារ​ភេរវកម្ម​នៅបារាំង រុស្ស៊ី ស៊ុយអែត និងអង់គ្លេស នៅក្នុងបរិបទ​ដែលក្រុម ISIS និងក្រុម​អាល់កៃដា អាចនឹងរៀបចំ​ផែនការ ព្រមទាំង​អនុវត្តន៍ការវាយប្រហារ​ដោយភេរវកម្មជាថ្មី​នៅអឺរ៉ុប»

គួរបញ្ជាក់ថា ក្រសួងការបរទេស​អាមេរិកមិនបញ្ជាក់លម្អិតនោះទេ​ពីហានិភ័យ​ជាក់លាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយអំពើភេរវកម្ម ដោយគ្រាន់តែ​បានព្រមានថា មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ សណ្ឋាគារ ក្លឹបកម្សាន្ត ភោជនីយដ្ឋាន អាកាសយានដ្ឋាន និងទីប្រជុំជនជាច្រើន​ក្នុងបណ្ដាប្រទេសអឺរ៉ុប អាចនឹងក្លាយជា គោលដៅ​នៃការវាយប្រហារ​ដោយភេរវកម្មរបស់​ពួកភេរវករ៕