(សេអ៊ូល)៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រព័ន្ធខែលការពារមីស៊ីល THAAD ត្រូវបានដាក់ឱ្យដំណើរ ការហើយ បើទោះជាមានការជំទាស់ពីចិន និងការខ្វែងគំនិតលើការបង់ថ្លៃតំឡើងប្រព័ន្ធមីស៊ីលនេះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យកងទ័ព អាមេរិក USFK លោក Rob Manning ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

យោងតាមលោក Rob Manning កងទ័ពអាមេរិក (USFK) បានអះអាងថា ប្រព័ន្ធមីស៊ីល THAAD កំពុងធ្វើប្រតិបត្តិការហើយសមត្ថភាពរបស់វាស្ទាក់ ចាប់មីស៊ីល និងការពារកូរ៉េខាងត្បូង ពីការវាយប្រហារជាយថាហេតុណាមួយកូរ៉េខាងជើង»។ ការប្រកាសបែបនេះ ធ្វើឡើងតែជាងមួយសប្ដាហ៍ ប៉ុណ្ណោះបន្ទាប់ពី USFK បានតំឡើង THAAD នៅលើអតីតទីលានវាយកូនហ្គោលក្នុងទីក្រុង Seongju នៃខេត្ត Gyeongsang ខាងជើង ខណៈ ប្រជាជននៅក្នុងតំបន់ នៅតែប្រកាន់ជំហរជំទាស់ដដែល។​ ជាងនេះទៅទៀត ចិន និងរុស្ស៊ី ក៏បានព្រមានដែរថា ពួកគេនឹងចាត់វិធានការឆ្លើយតប នៅពេល THAAD ត្រូវបានដាក់ពង្រាយ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យកូរ៉េខាងត្បូង បង់ប្រាក់មួយពាន់លានដុល្លារ ប៉ុន្តែទីក្រុង សេអ៊ូល បានបដិសេធ ដោយអះអាងថា ខ្លួនផ្ដល់តែទីតាំងតំឡើង THAAD រីឯសហរដ្ឋអាមេរិក ជាអ្នករ៉ាប់រងលើការចំណាយ៕