(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើស្ថានភាពអំណោយផល។ «ប្រសិនបើវាសាកសមសម្រាប់ខ្ញុំ ក្នុងការជួបជាមួយលោក គីមនោះ ខ្ញុំច្បាស់ជាជួបជាមិនខាន ខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបែបនេះ» នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg News។

ការលើកឡើងបាននេះ ត្រូវបានធ្វើឡើង ខណៈដែលមានក្តីបារម្ភកំពុងកើតមានឡើង​ នៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ទាក់ទង នឹងការគំរាមកំហែងនៃកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីភាពបរាជ័យក្នុងការបាញ់សាកល្បងមីស៊ីលក្នុងពេលថ្មីៗនេះ។

ភាពតានតឹងបានកើតមានឡើង ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលភ្នាក់ងារអាមេរិក និងបណ្តាប្រទេសផ្សេងទៀតបានរកឃើញថា ប្រទេស កុម្មុយនីសកូរ៉េ បានត្រៀមជាស្រេចក្នុងការបាញ់សាកល្បងនុយក្លេអ៊ែរជាថ្មីទៀត។

សូមជំរាបថា ដោយសារតែ​ភាពតានតឹង​ផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូន​ក្រុមនាវា​ដឹកយន្តហោះ​ចម្បាំង USS Carl Vinson ដើរ​​ដោយ​ថាមពល​នុយក្លេអ៊ែរ រួមទាំង​​នាវាមុជទឹក USS Michigan ដែលបំពាក់​ដោយគ្រាប់​មីស៊ីលប្រដេញ និងដើរដោយ​ថាមពល​នុយក្លេអ៊ែរ​មកកាន់ដែន​ទឹកក្បែរ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏​កូរ៉េ​ខាង​ជើង ​នៅ​តែ​មិនព្រម​បង្ហាញ​ភាព​​ចុះ​​ញ៉ម​អ្វីបន្តិចនោះ​ឡើយ ដោយ​នា​ថ្ងៃ​ចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះ ​បានប្តេជ្ញាថា នឹងបន្តបង្កើន​អានុភាពនៃអាវុធ​នុយក្លេ​អ៊ែរ​​របស់​ខ្លួន នៅក្នុងសន្ទុះ​យ៉ាងលឿនពេញទំហឹង​​តែ​ម្តង៕