(បាងកក)៖ ដំណើរយ៉ាងតិច ២៧នាក់បានទទួលរងរបួសយ៉ាងដំណំ នៅក្នុងអំឡុង​ជើងហោះហើរ​របស់ក្រុមហ៊ុនអាកាសចរណ៍​ Aeroflot នៃ​ប្រទេសរុស្ស៊ី ដែលធ្វើដំណើរពីទីក្រុងម៉ូស្គូឆ្ពោះទៅកាន់ទីក្រុង​បាងកក​ប្រទេសថៃ នាថ្ងៃចន្ទនេះ នៅពេលដែល​យន្តហោះដឹកអ្នក​ដំណើរ​ប្រភេទ Boeing 777 របស់ពួកគេ បានជួបប្រទះ​នឹងកម្លាំងខ្យល់​កួចកន្ត្រាក់មួយ​មុនពេលចុះចត។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ស្ថានទូតរុស្ស៊ី​ប្រចាំនៅក្នុងប្រទេសថៃ​បានសេចក្តី​ថ្លែងការណ៍ថា នៅក្នុងចំណោម​អ្នករងរបួសមាន ២៤នាក់ ជាជនជាតិរុស្ស៊ី ហើយមនុស្ស ​១៥នាក់នៅក្នុងចំណោមពួកគេ ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ក្នុងទីក្រុង​បាងកក ជាបន្ទាន់ដើម្បី​ទទួល​ការព្យាបាល ខណៈអ្នក​ដំណើរ​រងគ្រោះបីនាក់ផ្សេង​គឺមកពី​ប្រទេសថៃ។

យោងតាម​ការអះអាងរបស់​ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី Aeroflot នៅមុននេះ អ្នកដំណើរ​មួយចំនួន​បានទទួល​រងរបួស នៅអំឡុង​ការប៉ះ​ទង្គិចជា​មួយកម្លាំង​ខ្យល់កន្រ្តាក់​ដ៏មានឥទ្ធិពលមួយ នៅ៤០នាទីមុន​ពេលធ្វើការចុះចត​ នៅក្នុងរាជធានី​បាងកក។ ជុំវិញហេតុការណ៍នេះ ​ក្រុមអ្នកបម្រើការ​លើយន្តហោះ មិនអាចជូនដំណឹង​ដល់អ្នកដំណើរឲ្យ​ជ្រាបបានជាមុន ពីព្រោះ​តែ​វាកើតឡើង​នៅចំកន្លែងមាន​ផ្ទៃមេឃ​​យ៉ាង​ស្រឡះ​តែម្តង ហើយគ្មាននរណា​ម្នាក់រំពឹងទុកថានឹងកើតឡើង​នោះឡើយ។

គួរបញ្ជាក់ថា អ្នកដំណើរបានដែលបានទទួលរងរបួសទាំងអស់ ភាគច្រើនគឺបានបាក់ឆ្អឹងហើយ និងជាំខ្លួន។ មូលហេតុនៅពីក្រោយការរង​របួសទាំងនេះ គឺអ្នកដំណើរខ្លះពុំបានដាក់​ខ្សែក្រវ៉ាត់ការពារ៕​