(សេអ៊ូល)៖ ទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏​កូរ៉េ​ខាង​ជើង​នៅ​តែ​មិនព្រម​បង្ហាញ​ភាព​​ចុះ​​ញ៉ម​អ្វីបន្តិចនោះ​ឡើយ ដោយ​នា​ថ្ងៃ​ចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះ​បានប្តេជ្ញាថា នឹងបន្តបង្កើន​អានុភាពនៃអាវុធ​នុយក្លេ​អ៊ែរ​​របស់​ខ្លួន នៅក្នុងសន្ទុះ​យ៉ាងលឿនពេញទំហឹង​​តែ​ម្តង ដែលនេះគឺជា​ការឆ្លើយតប​ផ្លូវការលើកដំបូង​មួយ​ របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ចំពោះ​គោលនយោបាយ​ថ្មី ដែលត្រូវបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ដោយរដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ដែលផ្តោតសំខាន់​​លើការដាក់សម្ពាធ​ និងប្រឈមមុខគ្នា​ពេញទំហឹង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅ​រសៀល​ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួង​ការបរទេសកូរ៉េខាងជើង​ម្នាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍​មួយថា «ឥឡូវនេះ​សហរដ្ឋអាមេរិក​កំពុងចាប់​ផ្តើម​​​ដំបង​ទណ្ឌកម្ម​ និងសម្ពាធប្រឆាំង​មកលើទីក្រុង​ព្យុងយ៉ាង ដែលអនុឡោម​តាមគោលនយាបាយ​ចំពោះកូរ៉េខាងជើង​ថ្មីរបស់ខ្លួន ដោយផ្តោត​សំខាន់​​លើ​ការដាក់សម្ពាធ​ និងប្រឈមមុខគ្នា​យ៉ាងពេញ​ទំហឹង។ ដូច្នេះហើយ​ប្រទេស​កូរ៉េខាងជើង នឹងបង្កើន​ល្បឿនយ៉ាងពេញទំហឹង​ដូចគ្នា​ ​ទៅ​លើ​វិធាន​ការ ​សម្រាប់​បង្កើនអានុភាព​ ក៏ដូចជាឥទ្ធិពលអាវុធនុយក្លេអ៊ែរ​របស់ខ្លួនផងដែរ»

សេចក្តីថ្លែងការណ៍​ខាងលើនេះ​បន្ថែមទៀតថា «កូរ៉េខាងជើង​បានត្រៀមរួចរាល់​អស់ហើយ ដើម្បីឆ្លើយតប​ទៅនឹងសកម្មភាព​គ្រប់ជម្រើស​ ​​របស់សហរដ្ឋអាមេរិក ហើយ​ទីក្រុងព្យុងយ៉ាង​នឹងនៅតែបន្តពង្រឹង​សមត្ថភាពយោធា​ សម្រាប់ការ​ការពារខ្លួន និងបើកការ​វាយប្រហារ​​ដោយ​អាវុធនុយក្លេអ៊ែរ​ ទៅលើសត្រូវ​វិញដើម្បីជា​ការតបត»

គួរបញ្ជាក់ថា ដោយសារតែ​ភាពតានតឹង​ផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូន​ក្រុមនាវា​ដឹកយន្តហោះ​ចម្បាំង USS Carl Vinson ដើរ​​ដោយ​ថាមពល​នុយក្លេអ៊ែរ រួមទាំង​​នាវាមុជទឹក USS Michigan ដែលបំពាក់​ដោយគ្រាប់​មីស៊ីលប្រដេញ និងដើរដោយ​ថាមពល​នុយក្លេអ៊ែរ​មកកាន់ដែន​ទឹកក្បែរ​ឧបទ្វីបកូរ៉េ៕