(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានព្រមានថា ហានិភ័យដែលបង្កឡើងមាត់ របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាការគំរាមកំហែងមួយដល់សម្ព័ន្ធភាពរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈភាពតានតឹងនៃមហិច្ឆិតានុយក្លេអ៊ែរ​កូរ៉េខាងជើង កើនឡើងកាន់តែខ្លាំង។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

សម្ព័ន្ធភាព​កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ត្រូវបានតភ្ជាប់ជាចម្បង​ដោយសារតែកិច្ចព្រមព្រៀងការពារ ជាមួយការដាក់ពង្រាយ​កងទ័ពអាមេរិកជាង ២៨,៥០០នាក់ ឱ្យឈរជើង​នៅកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ​នាពេលថ្មីៗនេះ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន​បានទាស់សម្ដីគ្នា​បន្តិចបន្ដួច​បន្ទាប់ពី លោក ដូណាល់ ត្រាំ បានទាមទារ​ឱ្យទីក្រុងសេអ៊ូល បង់ប្រាក់​មួយពាន់លានដុល្លារ សម្រាប់ការតំឡើង​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD។

ដោយឡែក​ជុំវិញបញ្ហា​នេះដែរ សារព័ត៌មាន​កូរ៉េខាងត្បូង Chosun daily បានចុះផ្សាយ​នៅលើទំព័រ​មុខដូច្នេះថា «មាត់របស់លោក ត្រាំ អាចធ្វើឱ្យប៉ះពាល់ដល់​សម្ព័ន្ធភាព​អាមេរិក-កូរ៉េខាងត្បូង (...) មានបញ្ហាជាច្រើន​សំខាន់ជាងលុយ​ទៅទៀត ហើយបើសិនជា​ប្រទេសមួយ​សម្រេចចិត្តកាត់បន្ថយ​សម្ព័ន្ធភាព ដោយសារតែ​បញ្ហាលុយ ឬសេដ្ឋកិច្ច នោះវា​អាចនឹងបំផ្លាញ​ដល់មូលដ្ឋាន​នៃការជឿទុកចិត្តគ្នា»

គួរបញ្ជាក់ថា មន្ត្រីការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បានឱ្យដឹងថា លោក McMaster បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកចំណាយលុយ​លើការតំឡើង THAAD។ ក៏ប៉ុន្តែ​កាលពីថ្ងៃ​អាទិត្យ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិករូបនេះ​បែរជាបដិសេធថា​ លោកមិនបាននិយាយ​ផ្ទុយពី ប្រធានាធិបតី​អាមេរិកនោះទេ ហើយថា លក្ខខណ្ឌដាក់ពង្រាយ THAAD អាចនឹងត្រូវ​ចរចារឡើងវិញ៕