(អាមេរិក)៖ មនុស្សយ៉ាតិចចំនួន ០៧នាក់បានរបួសដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីបុរសម្នាក់​ប្រដាប់ដោយកាំភ្លើង​ នៅទីតាំងកម្សាន្តអាងហែលទឹកមួយ​កន្លែង ក្នុង​ទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ខណៈក្រោយមកជនដៃដល់​ជាខ្មាន់កាំភ្លើងនេះ ត្រូវបានកម្លាំង​ប៉ូលិសបាញ់សម្លាប់​ចោល ហើយជនរងគ្រោះម្នាក់ក៏បានដាច់ខ្យល់ស្លាប់ដែរ ដោយសារតែរងរបួសធ្ងន់ពេក។ នេះបើ​តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​ប៉ូលិសប្រចាំនៅតំបន់​កើតហេតុ ជនរងគ្រោះ​មួយចំនួនបាន​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការវាយប្រហារ​ខាងលើ​នេះ។ សាក្សីម្នាក់​បានឲ្យដឹងថា​ លោកបានលឺសូរសំឡេង​បាញ់កាំភ្លើង និងបានឃើញ​ខ្មាន់កាំភ្លើង​កំពុងអង្គុយផឹកស្រាបៀរ​មួយដប​នៅក្នុងដៃម្ខាង និង​មានកាំភ្លើង​មួយដើមក្នុងដៃ​ម្ខាងទៀត នៅអាងហែលទឹក​នៃអគារ Apartment មួយកន្លែង​ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វរញ៉ា។

គួរបញ្ជាក់ថា ជនដៃដល់​ជាបុរសជនជាតិ​ស្បែកសម្នាក់​ប្រដាប់ដោយកាំភ្លើងមួយដើម ត្រូវបានបាញ់សម្លាប់ ​ដោយ​មន្រ្តី​ប៉ូលិស​​បី​នាក់ ដែលបានមកដល់​កន្លែងកើតហេតុ។ យ៉ាងណាមិញ​ភ្លាមៗ​នេះគេពុំទាន់​បានដឹងច្បាស់ទេថា តើខ្មាន់កាំភ្លើងរូបនេះជន​អ្នកស្នាក់នៅ​ក្នុងអគារ Apartment ខាងលើដែរ ឬយ៉ាងណានោះ ហើយមូលហេតុ​នៅពីក្រោយ​ការបាញ់ប្រហារ​ ក៏នៅបន្តជាចម្ងល់​នៅឡើយដែរ៕