(ញូដេលី)៖ រថភ្លើងដឹកទំនិញមួយខ្សែ បានបើកបុកមនុស្សចំនួន ០៨នាក់ស្លាប់ និងបានបណ្តាល​ឲ្យជាច្រើននាក់ផ្សេងទៀត​​ទទួល​រង​របួស នៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន​ ស៊ិនហួរ នៅ​ព្រឹក​ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

មន្រ្តីប៉ូលិសប្រចាំតំបន់​កើតហេតុ​ បានប្រាប់ទីភ្នាក់ងារព័ត៌មាន​ខាងលើយ៉ាង​ដូច្នេះថា «នៅក្នុងហេតុការណ៍​សោកនាដកម្ម​ដ៏អាក្រក់មួយ​​នា​យប់​មិញនេះ មនុស្សចំនួន ០៨នាក់ រួមមានទាំងស្រ្តីពីរនាក់ និងកុមារពីរនាក់​ផងដែរបានស្លាប់ភ្លាមៗ បន្ទាប់ពីរថភ្លើង​ដឹក​​ទំនិញ​មួយ​គ្រឿង បានបើកបុកចំពួកគេ​នៅក្បែរ​ស្ថានីយ៍​រថភ្លើងនៃក្រុង Sirari។ ដោយឡែកមនុស្សជាង១០នាក់ផ្សេងទៀត ក៏បានទទួលរង​របួស​នៅ​​ក្នុងហេតុការណ៍​នេះដែរ ហើយក្នុងចំណោម​នោះ មានពីរនាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង»

គួរបញ្ជាក់ថា យោងតាម​អាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ដ៏​រន្ធត់នេះបានកើតឡើង នៅពេលមនុស្ស​ទាំងអស់នោះ​កំពុងធ្វើដំណើរ​ឆ្លងកាត់ផ្លូវ​រថ​ភ្លើង ហើយពួកគេ​បានបញ្ជាឲ្យបើកការស៊ើប​អង្កេត​ ទៅលើហេតុការណ៍នេះហើយ ដើម្បីស្វែងរក​មូលហេតុ​ពិតប្រាកដ ខណៈប្រជាជន​នៅ​ទី​នោះ បានលើកឡើងថា​ ដោយសារតែ​បញ្ហាអាកាសធាតុ​អាក្រក់នៅក្នុងតំបន់ ទើបធ្វើឲ្យ​ជនរងគ្រោះ​ទាំងអស់នោះ ពុំអាចប្រទះ​ឃើញ​​រថភ្លើងបែបនេះ​៕