(តូក្យូ)៖ ជប៉ុនបានដាក់ពង្រាយ​នាវាផ្ទុកឧទ្ធម្ភាគចក្រ និងអនុញ្ញាតឱ្យ​ប្រើប្រាស់សព្វាអាវុធភ្លាមៗ នៅក្នុងករណីចាំបាច់ដើម្បីហែរហម និងការពារ​នាវាយោធារបស់សហរដ្ឋអាមេរិក ហើយដែល​បេសកកម្ម​នេះធ្វើឡើង ស្របពេលទីក្រុងតូក្យូកំពុងបង្កើនសមត្ថភាព​យោធាឡើងវិញ គិតចាប់តាំងពីសង្រ្គាមលោក​លើកទី០២មក ខណៈកូរ៉េខាងជើង​ចេះតែសាកល្បងមីស៊ីល​ម្ដងហើយ​ម្ដងទៀត។ នេះបើតាម​ការផ្សាយ​របស់់ទីភ្នាក់ងារ​សារព័ត៌មានជប៉ុនក្យូដូ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

យោងតាមក្យូដូ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោកស្រី Tomomi Inada បានបញ្ជា​ឱ្យនាវាផ្ទុក​ឧទ្ធម្ភាគចក្រ Izumo ការពារនាវា​ផ្គត់ផ្គង់​យោធាអាមេរិក កំពុងធ្វើដំណើរ​ទៅកាន់តំបន់ប៉ាស៊ីហ្វិកសំដៅផ្គត់ផ្គង់​ដល់នាវាផ្ទុក​ចម្បាំងអាមេរិក USS Carl Vinson ដែលបាន​មកដល់តំបន់​ក្បែរដែនទឹក​ឧបទ្វីបកូរ៉េ ដើម្បី​ឃ្លំាមើលសកម្មភាព និងទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់ទីក្រុងព្យុងយ៉ាង។

ទន្ទឹមគ្នានេះដែរទីក្រុងតូក្យូ​មិនបានបញ្ជាក់ឡើយថា នាវាអាមេរិក​ប៉ុន្មានត្រូវការពារ​នោះទេ រីឯកូរ៉េខាងជើងវិញ​ក៏ធ្លាប់បានព្រមានដែរថា ខ្លួននឹងបាញ់​ពន្លិចនាវា USS Carl Vinson បើសិនហ៊ាន​ចូលមកក្នុងដែនទឹកឧបទ្វីបកូរ៉េ រួមទំាងនាវមុជទឹក​អាមេរិក ដែលត្រូវបាន​ដាក់ពង្រាយ​នៅកូរ៉េខាងត្បូង​ នាពេលថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា នាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo បានចាកចេញពីកំពង់ផែ Yokosuka នៃខេត្ត Kanagawa នៅថ្ងៃចន្ទនេះ ក្នុងគោលបំណង​ការពារ និងជូនដំណើរ​កងនាវាផ្គត់ផ្គង់អាមេរិក ពីតំបន់ដែនទឹកនៃឧបទ្វីប Boso ស្ថិតនៅក្បែរទីក្រុងតូក្យូ ឆ្ពោះទៅកាន់តំបន់ដែនទឹក​នៃទីប្រជុំកោះ Shikokou៕