(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនស៊ីវិល​ស្លូតត្រង់ចំនួន ៤៥នាក់ បានបាត់បង់ជីវិត​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស របស់យោធាចំរុះ (Operation Inherent Resolve) ដែល​ដឹក​នាំ​​ដោយ​​សហ​រដ្ឋ​អាមេរិក ដើម្បី​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ ISIS គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក ហើយ​ប្រការនេះ​បានធ្វើឲ្យចំនួន​​​​សរុប​កើន​ដល់​៣៥២នាក់ ទោះ​បីជា​អង្គ​ការ​ឃ្លាំងមើលមួយចំនួនបានអះអាងថា តួលេខពិតប្រាកដ​គឺខ្ពស់ជានេះឆ្ងាយ​ណាស់។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​អាមេរិកបាន​បន្ថែមទៀតថា «យើងពិតជា​សោកស្តាយ ចំពោះការបាត់បង់​ជីវិត​ដោយអចេតនា របស់ប្រជាជនស្លូត​ត្រង់​ទាំងអស់ ក្នុងអំឡុងកិច្ច​ខិតខំប្រឹងប្រែង​របស់កងកម្លាំង​ចម្រុះ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងក្រុម ISIS នៅប្រទេស​អ៊ីរ៉ាក់ និងស៊ីរី ហើយ​យើង​សូមចូលរួមរំលែក​ទុក្ខយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសារ​របស់ពួគេ និងអ្នកដទៃ​ផ្សេងទៀត ដែលបានទទួល​រងផលប៉ះពាល់ ​ដោយ​ប្រតិបត្តិការ​តាមផ្លូវអាកាស​ទាំងនេះ»

គួរបញ្ជាក់ថា នៅចន្លោះខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៃយុទ្ធនាការ Operation Inherent Resolve មានប្រតិបត្តិ​ការ​ទម្លាក់គ្រាប់បែក​តាមផ្លូវអាកាស​ចំនួន ២០,២០៥លើក ហើយបើ​យោងតាមអង្គការ​ឃ្លាំមើលមួយ ដែលមានមូលដ្ឋានទៅចក្រភព​អង់​គ្លេស ប្រជាជនស៊ីវិល​ស្លូតត្រង់យ៉ាង​តិចចំនួន ៣,១៦៤នាក់ បានស្លាប់​ដោយសារ​កងកម្លាំងចម្រុះ​ដឹកនាំ​ដោយអាមេរិក៕