(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ដើម្បីលើកឡើងពីបញ្ហាកំពុងប្រឈម​ជាមួយនឹងកូរ៉េខាងជើង ដោយចុងបញ្ចប់នៃកិច្ចសន្ទនាដាច់ដោយឡែកនេះ មេដឹកនាំដែលទើបឡើងកាន់​អំណាចបានជាង ១០០ថ្ងៃរបស់អាមេរិករូបនេះ បានអញ្ជើញមេដឹកនាំថៃ និងសិង្ហបុរី មកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post របស់ថៃ​នាព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ការទូរស័ព្ទសន្ទនាគ្នា​ជាមួយនាយករដ្ឋមន្ត្រី​ថៃខាងលើនេះ ត្រូវបានរៀបចំ​ឡើងនៅវេលា​ថ្ងៃអាទិត្យ ទី៣០ ខែមេសា (ពេលវេលា​នៅវ៉ាស៊ីនតោន) ត្រូវនឹងពេល​វេលារំលងអាធ្រាត​ឈានចូលថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧នេះ (ពេលវេលានៅ​ទីក្រុងបាងកក)។ ទោះបីជាបែបនេះក្តី ខាងរដ្ឋាភិបាលថៃ និងសិង្ហបុរី មិនទាន់ធ្វើ​ការបញ្ជាក់ថា តើដំណើរបំពេញ​ទស្សនកិច្ចនោះ​ នឹងត្រូវធ្វើឡើងនាពេល​ណាច្បាស់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្ទនានោះ លោក ប្រាយុទ្ធ និងលោក ត្រាំ សុទ្ធតែបានប្តេជ្ញាដូចគ្នា ​​នៅក្នុងការរក្សា​ការពារឲ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយក្នុងនោះ​ក៏មានការលើកឡើងពីការពង្រឹង និងពង្រីកទំនាក់ទំនង​ពាណិជ្ជកម្មរវាង ថៃ-អាមេរិក ផងដែរ។ ព័ត៌មានខាងលើនេះត្រូវបានផ្សព្វផ្សាយ ក្រោយសេតវិមានអាមេរិកបញ្ជាក់ព័ត៌មាន​ពីការ​អញ្ជើញ​របស់លោក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតី​ហ្វីលីពីនលោក ឌូតឺតេ ឲ្យមកបំពេញ​ទស្សនកិច្ចនៅ​អាមេរិក ដើម្បីពិភាក្សាស្វែងរក​ដំណោះស្រាយបញ្ហា​កូរ៉េខាងជើងជាចម្បង៕