(ម៉ានីល)៖ នាវាពិឃាតចិនមួយគ្រឿងឈ្មោះ Changchun ដែលមានសមត្ថភាពប្រយុទ្ធដោយគ្រាប់មីស៊ីល ​បានផ្ដើមបំពេញទស្សនកិច្ច ជាលក្ខណៈមិត្តភាពរយៈពេល០៣ថ្ងៃ បន្ទាប់ពីបានធ្វើដំណើរមកដល់ទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ខណៈប្រទេស​ទំាងពីរ​នៅតែកំពុងមានជម្លោះដែនទឹកនឹងគ្នា​ នៅឯតំបន់សមុទ្រ​ចិនខាងត្បូង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​ពិធីទទួល​ស្វាគមន៍ ដំណើរមកដល់របស់នាវាចិន លោក Miao Hua ប្រធានកិច្ចការ​នយោបាយកងនាវា​នៃកងទ័ព​ជើងប្រជាជនចិន និងជាអ្នកដឹក​នាំដំណើរ​ទស្សនកិច្ចនេះ បាននិយាយថា «ដំណើរ​ទស្សនកិច្ចនេះ នឹងពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ ក៏ដូចជាចែករំលែក​បទពិសោធន៍ និងការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី»។

ចំណែកឯ​អភិបាលក្រុងដាវ៉ៅ លោកស្រី សារ៉ា ឌូតឺតេ ក៏បានលើក​ឡើងដែរថា «ដំណើរ​ទស្សនកិច្ច​របស់នាវាចម្បាំង​ចិន អាចនឹងជួយលើក​កម្ពស់ការផ្លាស់ប្ដូរ​យោបល់លើ​បញ្ហាសមុទ្រ និងកិច្ចសហប្រតិបត្តិការ​សមុទ្រ ព្រមទាំងចូលរួម​ចំណែក​រក្សាសន្តិភាព និងមិត្តភាព​រវាងប្រទេសទាំងពីរ។  

គួរបញ្ជាក់ថា នេះគឺលើកទីមួយហើយ​ដែលនាវាចម្បាំងចិន មកទស្សនកិច្ច​នៅទីក្រុងដាវ៉ៅ ជាទីក្រុងធំទី០៣ របស់ហ្វីលីពីន និងជាស្រុកកំណើតរបស់លោក ឌូតឺតេ ដែលមានកូនស្រីរបស់លោក​ខាងលើនេះជាអភិបាលក្រុង៕