(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើការអញ្ជើញមេដឹកនាំ​ហ្វីលីពីនលោក រ៉ូឌ្រី​ហ្គោ ឌូតឺតេ មក​​កាន់​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន​​នោះ សេតវិមាន​អាមេរិក​បានចេញមុខ​ការពារការ​សម្រេចចិត្តនេះថា កិច្ចសហ​ប្រតិបត្តិការ​របស់លោក ឌូតឺតេ ជាតម្រូវ​​​ការចាំបាច់មួយ ដើម្បីទប់ទល់​ជាមួយប្រទេស​កូរ៉េខាងជើង ស្របពេលដែល​រដ្ឋបាលលោក ត្រាំ ប្រឈមមុខការរិះគន់ខ្លាំងៗពាក់ព័ន្ធ​នឹង​បញ្ហាសិទ្ធិមនុស្ស ដោយសារការ​បើកទ្វារទទួលស្វាគមន៍ចំពោះទីក្រុង​ម៉ានីល។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ការអញ្ជើញខាងលើនេះ​ត្រូវបានធ្វើឡើង​នៅក្នុង​ការជជែកគ្នា ដ៏រាក់ទាក់មួយតាម​ប្រព័ន្ធទូរស័ព្ទ នា​វេលា​យប់​ថ្ងៃ​អាទិត្យ​ (ម៉ោងក្នុងរដ្ឋធានី​វ៉ាស៊ីនតោន) រវាងលោក ដូណាល់ ត្រាំ និងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាអ្នក​ទទួលរង​ការចោទប្រកាន់​​យ៉ាង​ចាស់​ដៃ ​ពីសំណាក់អង្គការ​សិទ្ធិមនុស្សអន្តរជាតិ​ជាច្រើន អំពីការគាំទ្រ​ឲ្យមានការសម្លាប់​ក្រៅប្រព័ន្ធតុលាការ ទៅលើជនសង្ស័យ​ជួញដូរគ្រឿងញៀន​នៅទូទាំងប្រទេសហ្វីលីពីន។

ជុំវិញរឿងនេះលោក Reince Priebus ប្រធានខុទ្ទកាល័យ​សេតវិមាន​បានថ្លែងបញ្ជាក់ថា នាខណៈពេល​នេះពុំមានអ្វីដែល​កំពុងប្រឈម​​ជាមួយប្រទេសនេះ ក៏ដូចជាកំពុង​ប្រឈមជាមួយតំបន់​ និងពិភពលោក​ទាំងមូល ដែលធំជាងបញ្ហាកូរ៉េខាង​ជើង​នោះឡើយ ស្របពេលដែលលោក ដូណាល់ ត្រាំ ព្យាយាមប្រមូលផ្តុំការគាំទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយទប់ស្កាត់កម្មវិធី​នុយក្លេ​អ៊ែរ​និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

លោក Priebus បានទទូចថា «ការទាក់ទងជា​មួយលោក ឌូតឺតេ នេះ ពុំមែនមាន​ន័យថា​ រឿងសិទ្ធិមនុស្ស​ត្រូវបានមើល​រំលងនោះទេ ក៏​ប៉ុន្តែ​អត្ថ​ន័យ​ពិតរបស់វាគឺថា បញ្ហាកើតចេញពី​កូរ៉េខាងជើង ដែលកំពុង​តែប្រឈម​ជាមួយយើង មានភាពសភាធ្ងន់ធ្ងរខ្លាំង​រហូតបណ្តាលឲ្យយើង​​ចាំ​បាច់ត្រូវការកិច្ច​សហប្រតិបត្តិការ​​នៅក្នុងកម្រិត​មួយ ជាមួយបណ្តាដៃ​គូ​ឲ្យបានច្រើនតាម​តែអាចធ្វើទៅបាន​នៅក្នុងតំបន់»។

គួរបញ្ជាក់ថា នៅក្រោមអតីត​រដ្ឋបាលប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងម៉ានីល​បានឈានដល់កម្រិតមួយទាបបំផុត រហូតដល់​លោក ឌូតើតេ គំរាមផ្ដាច់សម្ព័ន្ធភាព​យោធាជាច្រើនដង ដោយសារតែ​​ការ​រិះ​គន់​លើ​​សង្រ្គាម​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​របស់លោក។ ប៉ុន្តែ​នារយៈពេលចុង​ក្រោយនេះ លោក ឌូតឺតេ ហាក់ដូចជា​បានបង្ហាញជំហរ​ទន់ភ្លន់ នៅចំពោះមុខ​រដ្ឋាភិបាល​អាមេរិក​ថ្មីរបស់ លោក ដូណាល់ ត្រាំ ពោលគឺ​លោក​ធ្លាប់និយាយដែរថា​ ទំនាក់ទំនង​អាមេរិក-ហ្វីលីពីន អាច​នឹង​ប្រសើរ​ឡើងវិញ​ក្រោមរដ្ឋបាល​លោកត្រាំ៕