(សេអ៊ូល)៖ ប្រធានការិយាល័យ​សន្តិសុខជាតិ​កូរ៉េខាងត្បូង​ លោក Kim Kwan-jin បាននិយាយ នៅចុងសប្តាហ៍មុននេះថា ទីក្រុងសេអ៊ូលគឺជា​អ្នកផ្ដល់ទីតាំងសម្រាប់តំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD​ រីឯសហរដ្ឋអាមេរិក​គឺជាអ្នកចំណាយលើការចាយវាយ។ ការអះអាងនេះទៀតសោត​ធ្វើឡើងតែ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ផ្គើនទីក្រុងវ៉ាស៊ីនតោន តែបរាជ័យកាល​ពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន ​យ៉ុនហាប់ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​ខាងលើ​របស់លោក Kim Kwan-jin ធ្វើឡើងនៅ​ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក McMaster។ លោក McMaster ថ្លែងនា​ឱកាសនោះដែរ បានប្រាប់សមភាគី​របស់ខ្លួនថា សម្ព័ន្ធភាព​ជាមួយកូរ៉េខាងត្បូងគឺជាអាទិភាពកំពូលមួយ​របស់​សហរដ្ឋអាមេរិក នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយថា​ ទីក្រុងវ៉ាស៊ីនតោន​នឹងឈរនៅ​ពីក្រោយគាំទ្រ​ទីក្រុងសេអ៊ូល​ ១០០ភាគរយ ប្រឈមមុខ​នឹងការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង។ ​ដោយឡែក​ពាក់ព័ន្ធនឹង​ការតំឡើង THAAD ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិករូបនេះ​បានលើក​ឡើងថា «ការអត្ថាធិប្បាយ​របស់ លោក ត្រាំ គឺធ្វើឡើងនៅ​ក្នុងបរិបទទូទៅ ដោយគ្រាន់តែ​គិតគូរពីការចង់បាន​នៃប្រជាជនអាមេរិក លើការចែករំលែក​ការចាយវាយ​ពីសម្ព័ន្ធមិត្ត​តែប៉ុណ្ណោះ»។    

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ​កន្លងទៅ នៅក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានទាមទារ​ឱ្យកូរ៉េខាងត្បូងបង់ប្រាក់​ ១ពាន់លានដុល្លារ​អាមេរិក សម្រាប់ការដាក់​តំឡើង THAAD នៅលើទឹកដី​កូរ៉េខាងត្បូង ដើម្បីទប់ទល់​នឹងមីស៊ីល​កូរ៉េខាងជើង ខណៈចិន និងរុស្ស៊ីបានព្រមានថា នឹងចាត់វិធានការ​ឆ្លើយតបទៅនឹង THAAD៕ ​