(សេអ៊ូល)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Mike Pompeo បានមកបំពេញដំណើរទស្សនកិច្ចស្ងាត់ៗ​នៅប្រទេសកូរ៉េខាងត្បូង ដើម្បីប្រឹក្សា​យោបល់ជា​មួយក្រុមមន្ត្រី​កូរ៉េខាងត្បូង លើសំណុំរឿងពាក់ព័ន្ធកូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន​នៅក្នុងស្រុកដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី​០១ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​កាសែត Kookmin Ilbo លោក Mike Pompeo បានមកដល់មូលដ្ឋានទ័ពអាកាស Osan នៃភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ តែ១២ម៉ោង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បង​មីស៊ីលផ្លោងមួយគ្រាប់តែបរាជ័យ ហើយលោកមានគំរោងស្ថិតនៅទីក្រុងសេអ៊ូល រហូតដល់ថ្ងៃអង្គារ។
ដោយឡែកសារព័ត៌មាន Chosun Ilbo ក៏បានរាយការណ៍ដែរថា នាយក CIA រូបនេះបានជួបពិភាក្សា ការងារជាបន្តបន្ទាប់ ជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក Lee Byung-ho និងក្រុមមន្ត្រីជាច្រើននាក់នៃវិមានប្រធានាធិបតី សំដៅបញ្ជាក់ពីគោលនយោបាយថ្មី​របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោន​នៅតែ​រក្សាជម្រើសប្រើប្រាស់​កម្លំាងយោធា ក៏ដូចជាវាយ​តម្លៃលើសមត្ថភាព​នុយក្លេអ៊ែរ និងស្ថានភាពផ្ទៃក្នុង​នៃរបបរបស់​លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះខាងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង មិនបានទទួល​ស្គាល់ព័ត៌មាននេះ​ជាផ្លូវការនោះឡើយ តែក៏មិនបាន​បដិសេធនោះដែរ៕ ​