(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីហ្វីលីពីន​ លោក រ៉ូឌ្រីហ្គោ ឌូតើតេ មកបំពេញទស្សនកិច្ចនៅ សហរដ្ឋអាមេរិក។ ការអញ្ជើញនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃសៅរ៍ ហើយនាឱកាសនោះ លោកត្រាំផ្ទាល់ក៏បានបង្ហាញផងដែរ ពីការព្រួយបារម្ភពាក់ព័ន្ធនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដល់សន្ដិសុខនៅក្នុងតំបន់។ នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ខាងសេតវិមាន មិនទាន់បានបញ្ជាក់លម្អិតនោះទេថា ពេលណាទើប មេដឹកនាំទំាងពីរ ជួបគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បី ពិភាក្សាលើសម្ព័ន្ធភាពនៃប្រទេសទំាងពីរ។ ដោយគ្រាន់ តែនិយាយថា លោក ត្រាំ កំពុងទន្ទឹមរង់ចាំការបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅ ខែវិច្ឆិកា ខាងមុខនេះ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ កំពូលរវាង សហរដ្ឋអាមេរិក និងអាស៊ាន។

គួរបញ្ជាក់ថា នៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល បានឈាន ដល់កម្រិតមួយទាបបំផុត រហូតដល់លោក ឌូតើតេ គំរាមផ្ដាច់សម្ព័ន្ធភាពយោធាជាច្រើនដង ដោយសារតែការរិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿង ញៀនរបស់លោក។ ប៉ុន្តែ នារយៈពេលចុងក្រោយនេះ លោក ឌូតើតេ ហាក់ដូចជាបានបង្ហាញជំហរទន់ភ្លន់ នៅចំពោះមុខរដ្ឋាភិបាលអាមេរិកថ្មីរបស់ លោក ដូណាល់ ត្រាំ ពោលគឺលោក ធ្លាប់និយាយដែរថាទំនាក់ទំនងអាមេរិក-ហ្វីលីពីន អាចនឹងប្រសើរឡើងវិញ ក្រោមរដ្ឋបាលលោកត្រាំ៕