(វ៉ាស៊ីនតោន)៖ សង្រ្គាមពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន បានចាប់កក្រើកឡើងវិញ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិកកាំងរូប នេះ បានឆ្លៀតយកឱកាសគំរប់១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ប្រើប្រាស់ជាថ្មីពាក្យ «Fake News» ឬព័ត៌មានក្លែងក្លាយសំពងលើប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។​

ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំនៅឯទីក្រុង Harrisburg នៃរដ្ឋ Pennsylvania លោក ត្រាំ បានច្រានចោលរាល់ការរិះគន់​ទំាងឡាយពីសំណាក់ ក្រុមអ្នកសារព័ត៌មានដែលលោកហៅថាជាព័ត៌មានក្លែងក្លាយ (Fake News)។ «ក្រុមអ្នកសារព័ត៌មានបានបរាជ័យនិងលម្អៀង ក្នុងការចុះផ្សាយ សមិទ្ធិផលរបស់ខ្ញុំ ក្នុងរយៈពេលនៃការកាន់តំណែង ១០០ថ្ងៃដំបូង។ ដូច្នេះខ្ញុំសប្បាយចិត្តនឹងនៅឱ្យឆ្ងាយចំងាយ១០០ miles ពីទីក្រុងវ៉ាស៊ីនតោន »។ នេះបើតាមការលើកឡើងរបស់ លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកសារព័ត៌មានមួយរូប​មកពីកាសែត Washington Post លោក Bob Woodward បានប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក នៅក្នុងពិធីទទួលអាហារពេលល្ងាចប្រចាំឆ្នាំរបស់ អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ថា «អ្នកសារព័ត៌មានមែនជា Fake News នោះទេ»

គួរបញ្ជាក់ថា​ នៅក្នុងកែវភ្នែករបស់លោក ដូណាល់ ត្រាំ សារព័ត៌មានអាមេរិកធំៗ ដូចជា CNN, News York Times និង Washington Post ជាដើម គឺជា Fake News។ ជាក់ស្ដែង លោកផ្ទាល់ធ្លាប់បាននិយាយថា សារព័ត៌មានទំាងនេះ តែងតែសរសេរពីចំណុចអវិជ្ជមាន ឬអាក្រក់ពីរូប លោក ហើយបើទោះវាជារឿងល្អក៏ដោយ ក៏ពួកគេនៅតែរកវិធីសាស្ត្រ​សរសេរឱ្យកា្លយជារឿងអវិជ្ជមានដដែល។ ម្យ៉ាងវិញទៀត ដោយសារតែភាព ចម្រូងចម្រាស់នេះ ទើបលោកសម្រេចចិត្ត មិនចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច ជាមួយក្រុមអ្នកសារព័ត៌មាន ដែលនេះបានធ្វើឱ្យលោក ក្លាយជាប្រធានាធិបតី​អាមេរិកដំបូងគេ មិនចូលក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គិតចាប់តាំងពីឆ្នាំ១៩៨១ នៃសម័យអតីត​ប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន៕