(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងៗទៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកមួយចំនួន ដែលសរសេរ រិះគន់ពីការដឹកនាំរបស់លោក ក្នុងរយៈពេល១០០ ថ្ងៃដំបូង នៃអាណត្តិជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។

ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងពិធីជួបជុំនៅឯទីក្រុង Harrisburg នៃរដ្ឋ Pennsylvania លោក ត្រាំ បាននិយាយថា លោកបានគោរព និងធ្វើតាមពាក្យ សន្យា ព្រមទំាងបានច្រានចោលរាល់ការរិះគន់ទំាងឡាយ ពីសំណាក់ក្រុមអ្នកសារព័ត៌មាន ដែលលោកហៅថា ជាព័ត៌មានក្លែងក្លាយ (Fake News)។
«ក្រុមអ្នកសារព័ត៌មាន បានបរាជ័យ និងលម្អៀង ក្នុងការចុះផ្សាយសមិទ្ធិផលរបស់ខ្ញុំ ក្នុងរយៈពេលនៃការកាន់តំណែង ១០០ថ្ងៃដំបូង ត្បិតនា រយៈពេល ១០០ថ្ងៃដំបូងនេះ វាគឺជារឿងគួរឱ្យរំភើប និងល្អជាទីបំផុត (...) ក្នុងមួយថ្ងៃៗ ខ្ញុំបាននាំការងារមកឱ្យឧស្សាហកម្មអាមេរិកវិញ ក៏ដូចជាបិទបញ្ចប់ការ ធ្វើសង្រ្គាមប្រឆាំងនឹងធ្យូងថ្ម»។ នេះបើតាមការលើកឡើងរបស់ លោក ដូណាល់ ត្រាំ៕

គួរជំរាបជូនថា កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានប្រើពាក្យសម្ដីរិះគន់​ឥតសម្ចៃមាត់ និងចាត់ទុកថា​សារព័ត៌មានអាមេរិកធំៗដូចជា CNN, News York Times និង Washington Post ជាដើម គឺជា Fake News ហើយដោយសារតែភាពចម្រូង ចម្រាស់នេះឯង ទើបលោកសម្រេចចិត្តមិនចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច ជាមួយក្រុមអ្នកសារព័ត៌មាន ដែលនេះបានធ្វើឱ្យលោកក្លាយ ជាប្រធានាធិបតីអាមេរិកដំបូងគេ មិនចូលក្នុងព្រឹត្តិការណ៍​ប្រចាំឆ្នាំនេះ គិតចាប់តាំងពីឆ្នាំ១៩៨១ នៃសម័យអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន៕