(គូឡាឡាំពួរ)៖ ស្រ្តីដែលមានវ័យចំណាស់ជាងគេបង្អស់ នៅទូទាំងប្រទេសម៉ាឡេស៊ី និងអាចនិយាយបានថានៅលើទូទាំង ពិភពលោក​ទាំងមូលឈ្មោះ Puan Ahman អាយុ១២១ឆ្នាំ បានទទួលមរណភាពក្នុងផ្ទះចៅស្រីបង្កើតរបស់លោកយាយ ស្ថិតនៅទីក្រុង Kodiang នា​ថ្ងៃសុក្រម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

ចៅស្រីឈ្មោះ Zaini Noh អាយុ៤៤ឆ្នាំ បានឲ្យដឹងថាលោកយាយ Puan បាន​ស្លាប់​នៅ​វេលា​ម៉ោង១៖៣០នាទីរសៀលថ្ងៃសុក្រ សប្តាហ៍​នេះ​ ដោយសារវ័យដ៏​ចំណាស់របស់លោកយាយ បន្ទាប់ពីមានអារម្មណ៍ថាមិនស្រួលខ្លួនអស់រយៈពេល មួយសប្តាហ៍កន្លងមក ខណៈ​កូនៗ​និង​ចៅៗ​​​ទាំង​​អស់​​​បាន​មក​ជួប​ជុំគ្នា។ ដោយឡែកកូនស្រីពៅរបស់លោកយាយ Puan អាយុ៦៧ឆ្នាំ បានបញ្ជាក់ថាម្តាយរបស់លោកស្រី អាច​នៅ​​និយាយ​ស្តី និង​ហូប​ចុក​​បាន​ដូចធម្មតារហូតដល់ព្រឹកព្រលឹម ថ្ងៃដដែល។

គួរបញ្ជាក់ថា លោកយាយ Puan ទើបតែបានប្រារព្ធពិធីខួបកំណើតលើកទី១២១កាលពីថ្ងៃទី១២ ខែមេសានេះប៉ុណ្ណោះ ហើយលោក​យាយ​មាន​វ័យច្រើនជាង លោកយាយម្នាក់ទៀត ជាជនជាតិអ៊ីតាលីឈ្មោះ Emma Morano ដែលបានទទួលមរណភាពកាល​ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងអាយុ១១៧ឆ្នាំ ជាមួយសេចក្តីរាយការណ៍ជាច្រើន បានអះអាងថាលោកយាយ Morano គឺជាមនុស្សចំណាស់ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក គិតត្រឹមពេលនៃការស្លាប់របស់លោកយាយ៕