(ម៉ានីល)៖ មនុស្សយ៉ាងតិច១៤នាក់ បានទទួលរងរបួសយ៉ាងដំណំ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នៃ​មួយគ្រាប់ នៅឯទីក្រុងម៉ានីល ប៉ុន្តែ​អាជ្ញា​ធរប្រចាំតំបន់​បានបញ្ជាក់ថា វាពុំមានជាប់ពាក់ព័ន្ធជាមួយកិច្ចប្រជុំកំពូលរវាងមេដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែល​​កំពុង​​​ប្រព្រឹត្ត​ទៅនៅក្នុងរដ្ឋធានីនៃប្រទេសហ្វីលីពីននេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃ​សៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះ បានកើតឡើងវេលាយប់ថ្ងៃសុក្រម្សិលមិញនេះ នៅចម្ងាយប្រហែលប្រាំគីឡូម៉ែត្រ ពីកន្លែងប្រជុំ​របស់បណ្តាមេដឹកនាំអាស៊ាន ដែលស្ថិតក្រោមការការពារសន្តិសុខយ៉ាងរឹងមាំ ហើយប៉ូលិសបានឲ្យថា កម្លាំងរបស់ខ្លួនកំពុងធ្វើការ​ស៊ើប​អង្កេតយ៉ាងល្អិតល្អន់ទៅលើករណីនេះ ខណៈពុំទាន់មាននរណាម្នាក់ត្រូវបាន​ចាប់ខ្លួន​​នៅឡើយទេ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានអះអាងនៅក្នុង សេចក្តីថ្លែងការណ៍​ថា «ហេតុការណ៍នេះពុំមានការជាប់ពាក់ព័ន្ធ មិនថាដោយប្រយោលឬមួយក៏ដោយផ្ទាល់នោះឡើយ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែល​កំពុងតែប្រព្រឹត្តទៅ ហើយម៉្យាងវិញទៀតយើងសូមធានា ដល់ប្រជាជនទាំងអស់របស់ យើងថា វិធានការសន្តិសុខស្ថិតក្រោមការគ្រប់គ្រង​ប្រកប​ដោយប្រសិទ្ធិភាព នៅក្នុងព្រឹត្តិការណ៍នាថ្ងៃនេះ ហើយសូមឲ្យសាធារណជន យោគយល់និងចូលរួមសហការទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង១៤នាក់ មាន០៦នាក់របួសស្រាល ហើយត្រូវបានបញ្ចូនទៅលំនៅឋាន រៀងៗខ្លួនវិញហើយ បន្ទាប់ពីបានទទួលការព្យាបាលរួចមក ខណៈ០៨នាក់ផ្សេងទៀតកំពុងបន្តសម្រាក នៅក្នុងមន្ទីរពេទ្យ នៅឡើយ ហើយក្នុងនោះ​ពី​រនាក់​បាន​ទទួលរងរបួសធ្ងន់៕