(វ៉ាស៊ីនតោន)៖ នាថ្ងៃសៅរ៍នេះ​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែបន្តទទូចថា កូរ៉េខាងត្បូងគួរតែជាអ្នក​ចេញ​ថ្លៃ​ ​​សម្រាប់​​ប្រព័ន្ធ​ខែល​​ការពារ​មីស៊ីល THAAD ដោយសារវា​ត្រូវយកទៅប្រើប្រាស់​ ដើម្បីការពារប្រទេសនៃតំបន់​អាស៊ីខាងកើតមួយនេះ ទោះ​បី​ជា​ម្សិល​មិញ​នេះ ទីក្រុងសេអ៊ូលបាន​លើកឡើងដោយបដិសេធ ចំពោះការទាមទារ​នោះយ៉ាងណាក្តី។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន Washington Times លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បាននិយាយថា «តើហេតុអ្វីបាន​ជា​យើង​​ត្រូវបង់​ថ្លៃការចំណាយលើវា ជំនួសទីក្រុងសេអ៊ូលទៅវិញនោះ? វាគឺជាប្រព័ន្ធការពារ​ដ៏ទំនើបអស្ចារ្យ និងល្អជាងគេបំផុត​នៅកលើ​ពិភពលោក ហើយវាគឺ​ជាមធ្យោបាយ​ដើម្បីការពារប្រទេស​កូរ៉េខាងត្បូង ដូច្នេះខ្ញុំសូមនិយាយ​ដោយការគោរពថា វាជាត្រឹមត្រូវ​និង​សាក​សមបើសិន​ជាពួកគេជាអ្នកបង់ប្រាក់​សម្រាប់ប្រព័ន្ធ THAAD»

គួរបញ្ជាក់ថា នាថ្ងៃសុក្រ​ម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានលើកឡើង​ម្តងរួចមកហើយ ​អំពីការទាមទារ​ឲ្យ​បង់​ប្រាក់​សម្រាប់​​ប្រព័ន្ធ​ខែល​​ការពារ​​​មីស៊ីល THAAD នេះដែលកំពុង​ដាក់ពង្រាយនៅលើទឹកដី​កូរ៉េខាងត្បូង​ ដែលទង្វើនេះ​វាផ្ទុយទៅនឹងកិច្ច​ព្រមព្រៀងរវាង​ប្រ​ទេស​សម្ព័ន្ធមិត្តទាំងពីរ​កាលពីឆ្នាំមុន ដែលបានកំណត់ថា​ យោធាអាមេរិក នឹងទទួលបន្ទុក​ការចំណាយទាំងអស់​ទៅលើការដាក់​ពង្រាយ​ THAAD ដរាប​ណាទីក្រុងសេអ៊ូល​យល់ព្រមទទួល​ដាក់ឲ្យតំឡើង និងផ្តល់ទីតាំង​សម្រាប់វា។ ឆ្លើយតប​ចំពោះការ​ទាមទារ​ម្សិលមិញ​នេះ ប៉ុន្តែកូរ៉េខាងត្បូង​បានបញ្ជាក់ថា ខ្លួនពុំមានគំរោងដើម្បីចេញថ្លៃ​ការចំណាយ នៃប្រព័ន្ធខែល​ការពារមីស៊ីលរបស់​អាមេរិក​នេះឡើយ​៕