(ម៉ូស្គូ)៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃ​យ៉ាងសន្ធោសន្ធៅ ដែលបាន​និងកំពុងរីករាលដាល​នៅក្នុងតំបន់ស៊ីបេរី​នៃប្រទេសរុស្ស៊ី បាន​លេប​ត្របាក់​​​​យកភូមិ​ប្រជាជនមួយកន្លែង ក៏ប៉ុន្តែអ្នកដែលរស់នៅទីនោះទាំងប៉ុន្មាន ត្រូវបានគេជួយសង្រ្គោះទាន់។ នេះបើតាមការចេញ​​ផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

មនុស្សរាប់រយនាក់បានជាប់គាំង នៅក្នុងភូមិមួយឈ្មោះថា Bubnovka ដែលស្ថិតនៅចំកណ្តាលផ្ទៃទឹក ស្របពេលដែលគ្រោះអគ្គីភ័យ​ដ៏​ធំ​មួយ បានធ្វើឲ្យឆាបឆេះលំនៅឋានរបស់ពួកគេ តែជាសំណាងល្អសម្រាប់ប្រជាជានប្រមាណ៤៣៥នាក់ បានរត់ភៀសខ្លួនដោយសុវត្ថិភាព ក៏ព្រោះតែបុគ្គលិក​របស់​មន្ទីរ​បង្ការ​គ្រោះ​​អា​សន្ន​ប្រចាំតំបន់ ដែលកំពុងធ្វើការហ្វឹកហាត់ស្តីពីការទប់ស្កាត់គ្រោះទឹកជំនន់ នៅក្នុងតំបន់កើតហេតុស្រាប់ បានរួសរាន់ឆ្លើយតប​ចំពោះហេតុការណ៍នេះជាបន្ទាន់។

គួរបញ្ជាក់ដែរថា ទោះបីជាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់ បានខិតខំប្រឹងប្រែងយ៉ាងណាក្តី លំនៅឋានចំនួន៨៦ខ្នងនៅក្នុងភូមិទាំង​មូល ត្រូវបានឆេះខ្ទេចខ្ទីររាបដល់ដី ដោយសារតែអគ្គីភ័យភ្លើងឆេះព្រៃដ៏ធំនេះ៕