(បាងកក)៖ ទីបំផុតកម្លាំងប៉ូលិសថៃ ទទួលបានដីកាដើម្បីធ្វើការចាប់ខ្លួន ទាយាទស្នងតំណែងរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវ​កម្លាំង Red Bull ដែលបានរងការចោទប្រកាន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយរត់គេចខ្លួនបាត់ដ៏សាហាវមួយ​កាលពីប្រាំឆ្នាំមុន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ ត្រូវបានចេញដោយតុលាការទីក្រុងបាងកកនាថ្ងៃសុក្រនេះ ហើយវាជាជាការបោះជំហានថ្មីមួយ ដែល​អាច​ធ្វើ​ឲ្យ​ សំណុំ​​រឿង​​ដ៏ចម្រូងចម្រាសមួយនេះបន្តទៅមុខទៀតបាន បន្ទាប់បានកកស្ទះដោយគ្មានការវិវឌ្ឍន៍អ្វីទាំងអស់ ​អស់​រយៈ​ពេល​ជិត​កន្លះ​​ទស​វត្សរ៍​​មក​​ហើយ​នោះ។ លោក Vorayuth Yoovidhya ហៅ Boss បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ រត់គេចយក​រួច​ខ្លួន​ពី​កន្លែង​កើត​ហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍​មួយ​កាល​ពីឆ្នាំ២០១២ ដែលរថយន្តស៊េរីទំនើបម៉ាក Ferrari របស់ជននេះ បានទៅបុក​មន្រ្តី​ប៉ូលិស​ម្នាក់កំពុងជិះនៅលើម៉ូតូយាម​ល្បាត​ ហើយបានបណ្តាល​ឲ្យមន្រ្តីប៉ូលិសរូបនោះ​បាត់​បង់ជីវិតភ្លាមៗ។

គួរបញ្ជាក់ថាគ្រួសាររបស់លោក Vorayuth ដែលជាម្ចាស់ភាគហ៊ុនពាក់កណ្តាលនៃអាណាចក្រភេសជ្ជៈប៉ូវកម្លាំង Red Bull នោះ ត្រូវបានគេ​ធ្វើការ​ប៉ាន់​ប្រមាណ​ថាមានទ្រព្យសម្បត្តិសរុបមិនតិចជាង២០ពាន់លានដុល្លារនោះឡើយ៕