(ម៉ានីល)៖ អ្នកយកព័ត៌មានអន្ដរជាតិជាច្រើននាក់ ទាំងអ្នកយកព័ត៌មានរបស់កម្ពុជាផងដែរ ដែលបានទៅតាមដាន និងយកព័ត៌មានផ្ទាល់ ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមពិធីការរបស់រដ្ឋាភិបាល លោក ឌូយធឺតេ បានរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងល្អអស្ចារ្យ ជូនចំពោះអ្នកកាសែត និងផ្ដល់រង្វាន់ពិសេស ដែលមិនទាន់មានរដ្ឋាភិបាលណាមួយ នៃប្រទេសសមាជិកអាស៊ាន ធ្វើបានក្នុងរូបភាពបែបនេះឡើយ នាពេលអតីតកាល។ នេះបើយោងតាមលោក ពុយ គា អ្នកឆ្លងឆ្លើយទីភ្នាក់ងារព័ត៌មានក្យូដូ ប្រចាំប្រទេសកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែមេសា ​ឆ្នាំ២០១៧នេះ។

លោក ពុយ គា ដែលកំពុងស្ថិតនៅទីក្រុងម៉ានីល ដើម្បីតាមដាន និងយកព័ត៌មានផ្ទាល់ នៃកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនេះ បានថ្លែងពីទីក្រុងម៉ានីល ឲ្យដឹងយ៉ាងដូច្នេះថា៖ «ហ្វីលីពីន ជាប្រទេសក្រទេ តែគាត់ពេលនេះ យកល្បីអាស៊ានតែម្ដង ក្របខ័ណ្ឌទទួលអ្នកកាសែតជាប្រវត្តិសាស្ដ្រលើកទី១ ផ្ដល់អាហារមហាអស្ចារ្យ សម្រាប់អ្នកកាសែតទាំងអស់ ដោយសារតែគាត់បម្រើមានម្ហូបចិន ម្ហូបជប៉ុន ម្ហូបអឺរ៉ុប ហើយហូបម៉ាសេរី ដែលគាត់ទទួលនៅក្នុង សណ្ឋាគារផ្កាយលំដាប់៥ផុតលេខ។ ហើយកាដូសម្រាប់អ្នកកាសែត (Press Kit) សូម្បីតែប្រទេសសឹង្ហបុរី ក៏មិនអាចទប់ទល់ និងប្រទេសហ្វីលីពីនផងដែរ គឺគាត់ប្រគល់ឲ្យអ្នកកាសែតទុកជាអនុស្សាវីយ៍ មានដូចជា៖ iPhone របស់ហ្វីលីពីនមួយគ្រឿង, Power Bank, Flash, Bamboo Speaker»

អ្នកយកព័ត៌មានក្យូដូដ៏ល្បីរូបនោះបានបន្ដថា ការទទួលបែបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកកាសែតទាំងអស់ ហើយពេលនេះ អ្នកកាសែតទាំងអស់ប្រហែលជាទន់ចិត្តបន្ដិចហើយ ចំពោះហ្វីលីពីន ដែលបានទទួលបែបនេះ។ បើតាមលោក ពុយ គា ការរៀបចំបែបនេះរបស់ហ្វីលីពីន ក៏ជាការធ្វើតេស្ដសាកល្បងដោយសារតែប្រទេសមួយនេះ នឹងត្រូវរៀបចំកិច្ចប្រជុំថ្នាក់តំបន់ដដែលនេះ នៅខែសីហា និងនៅខែវិច្ឆិការខាងមុខផងដែរ។ លោកបានរំលឹកថា ប្រទេសអ្នកមានដូចសឹង្ហបុរី និងប្រុយណេ ដែលជាប្រទេសអ្នកមាន រៀបចំប្ហូមអាហារអន់ជាងប្រទេសអ្នកក្រទៀត ដូចជាប្រទេសឡាវ។

សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ដែលនឹងប្រារព្វធ្វើឡើងថ្ងៃទី២៩ ខែមេសានេះ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ នឹងថ្លែងសុន្ទរកថា និងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលចង្អៀតអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន និងកិច្ចប្រជុំកំពូលរបស់ មេដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែមេសា៕