(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកកំពុងបង្កើន​ក៏ដូចជាចិញ្ចឹម​ភាពតានតឹង នៅលើតំបន់​ឧបទ្វីបកូរ៉េ ក្នុងចេតនា​បង្កអស្ថេរភាពដល់ចិន និងបំផ្លាញកិច្ចខិតខំប្រឹងប្រែង​របស់ទីក្រុងប៉េកាំង ក្នុងការបង្កើតប្រព័ន្ធ​សេដ្ឋកិច្ចសកល «ខែ្សក្រវាត់មួយផ្លូវមួយ»។ នេះបើតាមលោក Adam Broinowski អ្នកជំនាញម្នាក់​មកពីសកលវិទ្យាល័យ Australian National University ចុះផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

នារយៈពេលប៉ុន្មាន​សប្ដាហ៍ចុង​ក្រោយនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​បានព្រមានប្រើ​កម្លាំងយោធា ដាក់គ្នាទៅមក។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនហាក់ដូចជា​បានបន្ទន់ឥរិយាបថ ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញ​ពីបំណងជ្រើសរើស​ការដាក់ទណ្ឌកម្ម ប្រឆាំង​ទីក្រុងព្យុងយ៉ាង ជាជាងប្រើកម្លាំង​យោធា ខណៈចិនផ្ទាល់ក៏បាន​ព្រមានដែរថា នឹងដាក់ទណ្ឌកម្មឯតោភាគី បើសិនកូរ៉េខាងជើង នៅតែ ចចេសសាកល្បងអាវុធនុយក្លេអ៊ែរ។

ដោយឡែក ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Adam Broinowski បានលើកឡើង​យ៉ាងដូច្នេះថា «តាមគំនិតរបស់ខ្ញុំ​ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមដាក់​សម្ពាធលើកម្មវិធី​សេដ្ឋកិច្ចចិន​ ជាពិសេសនោះ​គឺប្រព័ន្ធសេដ្ឋកិច្ច ខែ្សក្រវាត់មួយ​ផ្លួវមួយតែម្ដង ហើយថែម​ទាំងចង់រារាំង​ការប៉ុនប៉ងផ្សា​ភ្ជាប់ទំនាក់ទំនង ​របស់ចិន​ជាមួយរុស្ស៊ី ក្នុងការបង្កើត​សម្ព័ន្ធភាព​សេដ្ឋកិច្ចមួយ​ ដែលជា​គំរោងដ៏ធំ​លាតសន្ធឹង​រហូតដល់ប្រទេស​អាល្លឺម៉ង់ »។

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​ថ្ងៃមុននេះ​ចិនបានជម្រុញ​ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បញ្ឈប់ការធ្វើសមយុទ្ធយោធា ព្រមទំាងអំពាវនាវ​ឱ្យ​កូរ៉េខាងជើង បិទបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីបន្ធូរបន្ថយភាពតានតឹង​នៅលើឧទ្វីបកូរ៉េ ដែលកំពុង​ស្ថិតនៅមាត់​ជ្រោះនៃសង្រ្គាម​៕