(កាប៊ុល)៖ កងកម្លាំងសន្តិសុខ​នៃប្រទេសអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ​របស់ ISIS យ៉ាងហោចណាស់ចំនួន​៤៥នាក់ នៅក្នុងខេត្ត Nangarhar ភាគខាងកើត ដោយនៅក្នុងចំណោមនោះ​ ក៏មានមេដឹកនាំជាន់ខ្ពស់ម្នាក់​នៃក្រុមភេរវករ​នេះផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វ​ផ្សាយអាហ្វហ្គានីស្ថាន​បានរាយការណ៍ថា ក្នុងចំណោម​ជនសកម្មប្រយុទ្ធ​ដែលត្រូវបានសម្លាប់ រួមមានបុគ្គល​ឈ្មោះ Qari Nafiz ជាមេដឹកនាំ​ជាន់ខ្ពស់ម្នាក់​ ទទួលបន្ទុកខាង​ទំនាក់ទំនង​របស់ក្រុមភេរវករ ISIS។ ជនឈ្មោះ Nafiz បានបាត់បង់​ជីវិត រួមជាមួយក្រុមសកម្ម​ប្រយុទ្ធ​ ៣៦នាក់ផ្សេងទៀត ក្នុងអំឡុងការ​វាយប្រហារតាម​ផ្លូវអាកាស និងប្រតិបត្តិការ​បោសសម្អាតតាម​ផ្លូវគោក នៅស្រុក Achin នៃ​ខេត្ត​ Nangarhar ខណៈ​​០៩នាក់បន្ថែមទៀតត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការ​យោធាដាច់ដោយ​ឡែកពីគ្នា នៅស្រុក Haska Mina នៃខេត្ត​ដដែល។

គួរបញ្ជាក់ថា ប្រទេសនៅ​តំបន់អាស៊ីខាងត្បូង​មួយនេះបាន ​និងកំពុងទទួលរង​គ្រោះអស់រយៈពេល​ជាយូរណាស់​មកហើយ ពាក់​ព័ន្ធ​បញ្ហា​​អស្ថិរភាព​សន្តិ​សុខ នយោបាយ​ សង្គម ដោយសារតែ​សកម្មភាពរបស់ក្រុមភេរវករ ISIS និងក្រុមឧទ្ទាម​តាលីបង់ ហើយនា​ពេល​ថ្មី​ៗនេះ កង​ម្លាំង​សន្តិ​សុ​ខរួមទាំងកងកម្លាំង​ការពារជាតិ​អាហ្វហ្គានីស្ថាន បានចាប់ផ្តើម​បើកប្រតិបត្តិការ​ដ៏ក្តៅគគុក ដើម្បីប្រយុទ្ធ​ប្រឆាំង​ភេរវកម្មនៅ​ទូទាំងប្រទេស៕