(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារ​សារព័ត៌មាន Reuters​ ថា លោកចង់ឱ្យទីក្រុងសេអ៊ូល​បង់ប្រាក់១ពាន់​លានដុល្លារ សម្រាប់ប្រព័ន្ធ​ខែលការពារមីស៊ីល THAAD ដែលកំពុងដាក់​ពង្រាយនៅ​លើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិច ដោយ​ទីភ្នាក់ងារសារព័ត៌មាន ​យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧៕

ការលើកឡើងបែបនេះរបស់ លោក ត្រាំ ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបរិក្ខា​សំខាន់ៗ​របស់ THAAD ដូចជាប្រព័ន្ធរ៉ាដា X band និងរថយន្ដ​ជាជើងទម្របាញ់មីស៊ីល​ត្រូវបានដឹកជញ្ជូន​ទៅកាន់តំបន់ Seongju ​នៃខេត្ត Gyeongsang ខាងជើង ជាទីដែល​ប្រព័ន្ធ​មីស៊ីលនេះ​នឹងត្រូវដាក់ពង្រាយ​ ដើម្បីទប់ស្កាត់​ការគំរាមកំហែងដោយគ្រាប់មីស៊ីល ពីសំណាក់​កូរ៉េខាងជើង។  

លោក ត្រាំ​ បានប្រាប់ Reuters​ យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា​ កូរ៉េខាងត្បូង​នឹងក្លាយជា​ម្ចាស់របស់ THAAD​។ ដូច្នេះទីក្រុង​សេអ៊ូល ត្រូវតែចំណាយប្រាក់​សម្រាប់ប្រព័ន្ធការពារ​មីស៊ីល ដែលមានតម្លៃមួយពាន់លាន​ដុល្លារ»។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺ​ជាអ្នកចំណាយ​ប្រាក់លើប្រតិបត្តិ​ការ នៃប្រព័ន្ធខែល​ការពារមីស៊ីល THAAD ដែលនឹងត្រូវដាក់​ឱ្យដំណើរ​ការលើទឹកដីកូរ៉េខាងត្បូង​ក្នុងពេលឆាប់នេះ។

គួរបញ្ជាក់ថា ចិន និងរុស្ស៊ី​បានជំទាស់​យ៉ាងខ្លាំងនឹងគំរោង​ដាក់ពង្រាយ THAAD ក្រោម ហេតុផលសន្តិសុខ​ជាតិ​ ហើយថែមទាំងបញ្ជាក់ទៀតថា ពួកគេនឹងចាត់វិធានការ​ឆ្លើយតប បើសិនជាប្រព័ន្ធ​មីស៊ីលនេះ​ត្រូវបានដាក់ពង្រាយ​រួចរាល់មែននោះ។ មួយវិញទៀតនៅ​ពេលនេះ THAAD កំពុងក្លាយជា​ប្រធានបទ​ជជែកដេញដោលដ៏សំខាន់​ នៃបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង នៅមុនការ​បោះឆ្នោតនាថ្ងៃទី០៩ ខែឧសភាខាងមុខនេះ៕