(ប៉េកាំង)៖ យន្តហោះចម្បាំងធុន JF-17B ដែលអាចប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនបានផងដែរនោះ បានធ្វើការហោះហើរជាលើកដំបូង​នៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានចួលរួមអភិវឌ្ឍន៍វាជាមួយប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

យន្តហោះចម្បាំង​សម្រាប់ការបង្ហាត់​បង្រៀន​ការហោះហើរ JF-17B នេះ​ត្រូវបានផលិតឡើង​រួមគ្នារវាងចិន​ និងប៉ាគីស្ថាន ដើម្បី​បំពេញ​តម្រូវ​ការនៃ​អតិថិជន​អន្តរជាតិ​ និងទីផ្សារពិភពលោក ជំនួសឲ្យយន្តហោះ​ជំនាន់ចាស់ JF-17។ បន្ថែមពីនេះយន្តហោះចម្បាំងធុន JF-17B អាច​​យកទៅប្រើប្រាស់​សម្រាប់ការបង្ហាត់​បង្រៀន​ ក៏ដូចជាហ្វឹកហ្វាត់​នៅក្នុងពេលវេលា​សន្តិភាព និងអាចប្រើប្រាស់​ក្នុងបេសកម្មប្រយុទ្ធ​គ្នា​​ផ្សេង​ៗ​ នៅអំឡុងពេល​សង្រ្គាម​ផងដែរ។

គួរបញ្ជាក់ថា យន្តហោះដែល​មានកន្លែងអង្គុយ​សម្រាប់អាកាសយានិក​ពីររូបនេះ បានធ្វើការហោះហើរ​ និងសំកាំងលើផ្ទៃមេឃ​អស់រយៈ​ពេលប្រមាណ ២៦នាទី នៅចំពោះមុខ​ទស្សនិកជនជាច្រើននាក់​មកពីក្នុង និងក្រៅប្រទេស។ ចំពោះតម្លៃនៃ JF-17B មិនទាន់ត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែសម្រាប់ស៊េរីមុនគឺ JF-17 មានតម្លៃក្នុងមួយគ្រឿង ២៨លានដុល្លារអាមេរិក៕