(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានធ្វើការដាក់ពិន័យជាទឹកប្រាក់ទៅលើសហព័ន្ធកីឡា នៃប្រទេសប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀង តាមបែបរើសអើងនៃការស្រឡាញ់ភេទ ដូចគ្នា (Homophobic chanting) ក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក។

តាមរយៈសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧ នេះថា FIFA បានធ្វើការពិន័យចំពោះសហព័ន្ធប្រេស៊ីល គិតជាទឹកប្រាក់៣៥០០០ដុល្លារ អាហ្សង់ទីន ២០០០០ដុល្លារ និងប្រទេសម៉ិចស៊ិក ពិន័យ ១០០០០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ដោយ BBC បានបញ្ជាក់ថា «ការពិន័យចំពោះ ៣ប្រទេសខាងលើនេះ ដោយសារតែសហព័ន្ធនៃប្រទេសទាំងនោះមិនអាចគ្រប់គ្រង​ អ្នកគាំទ្ររបស់ខ្លួនបាន បង្កជាភាពអនាធិបតេយ្យ លាយឡំទៅដោយការស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា នៅក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក ដោយពុំបានបញ្ជាក់ពីការប្រកួតណាមួយឡើយ»

ទន្ទឹមគ្នានោះដែរ អង្គភាពដែលមិនគិតពីប្រាក់កំរ៉ៃ FIFA ដែលមានលោក Gianni Infantino ជាប្រធានផងនោះ ក៏បាន ធ្វើការពិន័យទៅលើសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអាល់បានី អ៊ីតាលី ចិន អ៊ីរ៉ង់ បូស្នី ប៉ូឡូញ និងម៉ុងតេនីក្រូ ជុំវិញការ ដុតកាំជ្រួចបោះចូលក្នុងទីលាន ដែលរំខានដល់ការប្រកួតនាពេលកន្លងមកផងដែរ៕

អ្នកគាំទ្រមិុចសិុក

អ្នកគាំទ្រអាហ្សង់់ទីន

អ្នកគាំទ្រប្រេស៊ីល