(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា ខ្លួនបានព្រមានកូរ៉េខាងជើងរួចហើយ ថានឹងដាក់​ទណ្ឌកម្ម​ឯកតោភាគី បើសិនជាទីក្រុងព្យុងយ៉ាងហ៊ានសាកល្បង​អាវុធនុយក្លេអ៊ែរទៀតនោះ។ នេះបើតាមរដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយ Fox News លោក ធ្លីល្លឺសុន បាននិយាយថា «យើងបានទទួលដំណឹងពី ទីក្រុងប៉េកាំងថា ពួកគេបានប្រាប់​របបដឹកនាំ​ទីក្រុងព្យុងយ៉ាងហើយថា បើសិនជានៅ​តែរឹងទទឹងចង់សាកល្បងអាវុធ​នុយក្លេអ៊ែរ ចិនអាចនឹង​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ដោយខ្លួន ឯងផ្ទាល់​ប្រឆាំងនឹង​កូរ៉េខាងជើង»។ ក៏ប៉ុន្តែ​ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ មិនបាន​បញ្ជាក់លម្អិត​បន្ថែមឡើយ ហើយទីក្រុងប៉េកាំង​ក៏មិនទាន់ធ្វើការ​អត្ថាធិប្បាយ​អ្វីនោះដែរ។
ជាងនេះទៅទៀតគ្រប់គ្នាសុទ្ធតែដឹងថា​ កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ មិនអាចខ្វះ​បានរបស់ចិន ក្នុងការទប់ស្កាត់​ការពង្រីកឥទ្ធិពល​យោធា​អាមេរិក​នៅក្នុងតំបន់។ ដូច្នេះហើយទើប​ក្រុមអ្នក​ជំនាញមួយ ចំនួនយល់ថា បើទោះជាចិន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របបលោក គីម ជុងអ៊ុន ក៏ដោយ ក៏មិនមែន​មានន័យថា​ ប៉េកាំងចង់ខ្ទប់ដង្ហើម ឬក៏ចង់ឃើញកូរ៉េខាងជើង​ដួលរលំនោះទេ។

គួរបញ្ជាក់ថា បើតាមក្រសួង​ការបរទេស​អាមេរិក ទីក្រុងវ៉ាស៊ីនតោនមានគំរោង​នឹងស្នើសុំឱ្យ​បិទបេសកកម្មការទូត​ទាំងអស់របស់​កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ច​ប្រជុំពិសេស​នៃក្រុមប្រឹក្សា​សន្តិសុខ UN ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ ដោយឡែកកាលពីថ្ងៃខួប១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង នោះកូរ៉េខាងមិនបានធ្វើតេស្តនុយក្លេអ៊ែរ ដូចការវិភាគរបស់អ្នកជំនាញនោះឡើយ ដែលនេះត្រូវបានគេចាប់អារម្មណ៍ថា ប្រទេសចិនពិតជាបាន​ព្រមានកូរ៉េខាងជើងទុកមុន រួចជាស្រេច៕