(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានគំរោងនឹងស្នើសុំឱ្យបិទ បេសកកម្មការទូតទាំងអស់​របស់កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក)។ នេះបើតាមអ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។  

យោងតាម​លោក Mark Toner អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិសេស​ថ្នាក់រដ្ឋម​ន្ត្រីនៃក្រុមប្រឹក្សា​សន្តិសុខ​ ដើម្បីពិភាក្សា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉ខាងជើង នៅក្នុង​ក្របខណ្ឌ នៃការពង្រឹង​ការគាំទ្រ​ពីអន្តរជាតិ បង្កើនការដាក់​សម្ពាធលើ​ទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីលផោ្លង។

លោក Mark Toner បានបញ្ជាក់​ដូច្នេះថា «មានជំរើស​ជាច្រើន ក៏ប៉ុន្តែក្នុងចំណោម​ជំរើសទំាងនេះ ក៏មានការដាក់​ទណ្ឌកម្ម ហើយការ​ធ្វើឱ្យឯកោនៃ​ការទូត​កូរ៉េខាងជើង ក៏ជាមធ្យោបាយ​មួយផងដែរ»។ ដោយឡែកឆ្លើយ​ទៅនឹងសំណួរ​អ្នកសារព័ត៌មានដែលសួរថា​ តើទណ្ឌកម្ម​ទំាងនោះរួមមានការបិទ​បេសកកម្មការ​ទូតកូរ៉េខាងជើង នៅទូទំាងពិភពលោកដែរឬទេ? អ្នកនាំពាក្យ​រូបនេះបាន​តបថា «មាន»។ «ខ្ញុំគិតថា គំនិតនេះ គឺជាជំរើស​មួយក្នុងមធ្យោបាយ​ ដែលអាចនឹងត្រូវធ្វើ​ឡើងក្រោម​វិធានការយ៉ាង​តឹងរ៉ឹងបំផុត»។ នេះបើ​តាមសម្តីលោក Mark Toner។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៦ សហរដ្ឋអាមេរិក​ធ្លាប់បានស្នើសុំឱ្យ​បណ្ដាប្រទេសជុំវិញ​ពិភពលោក កាត់បន្ថយ ឬក៏កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជា​មួយកូរ៉េខាងជើង បន្ទាប់ពី​ទីក្រុងព្យុងយ៉ាងសាកល្បង​អាវុធនុយក្លេអ៊ែរ​ជាលើកទី០៥ ក្នុងឆ្នាំដដែល។ ក៏ប៉ុន្តែ​ផ្អែកលើស្ថាន​ភាពជាក់ស្ដែង​បើគ្មានជំនួយពី​ចិនគេពិបាកនឹង​ដោះស្រាយ​ជាមួយកូរ៉េខាងជើងណាស់ ត្បិតចិន​មានសិទ្ធិវ៉េតូ និងតែងតែ​ការពារ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាងជានិច្ច បើទោះជាខ្លួនសម្រេច​ចិត្តដាក់ទណ្ឌកម្មខ្លះ លើសម្ព័ន្ធមិត្ត​យូអង្វែង​មួយនេះ​ក៏ដោយ។ មួយវិញទៀត​កូរ៉េខាងជើង​បច្ចុប្បន្ន ក៏មិនមែន​ជាកូរ៉េខាងជើង​ដូចមុខដែរ​ពោលគឺ​កូរ៉េខាងជើង​នៅពេលនេះ​មានអាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ ហើយសេដ្ឋកិច្ចក៏មិនសូវជាលំបាក​ប៉ុន្មានដែរ៕