(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានបញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត រួមទាំងធ្វើតេស្តសព្វាវុធ​ថ្មីៗ​ជា​បន្ត​បន្ទាប់​​ឥតឈប់ឈរ​ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជាតិ ហើយសេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្រោយការតំឡើង​ប្រព័ន្ធ​ខែល​ការ​ពារមីស៊ីលផ្លោងកម្រិតខ្ពស់ THAAD របស់សហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូងដែលទីក្រុងប៉េកាំង តែងតែបានជំទាស់ដាច់ខាតតាំង​ពីដើមរៀងមកនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

នៅពេលត្រូវបានចោទសួរជាសំណួរទាក់ទងនឹងប្រព័ន្ធ THAAD អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Yanh Yujun បានថ្លែងប្រាប់ទៅ​កាន់ក្រុមអ្នកសារព័ត៌មានវិញថា «ការដាក់ពង្រាយនៃប្រព័ន្ធខែលការពារមីស៊ីលនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងបង្កផលប៉ះពាល់ជា​ខ្លាំងដល់ស្ថិរភាពនិងតុល្យភាពយុទ្ធសាស្រ្តនៅក្នុងតំបន់ ហើយដូចដែលធ្លាប់បានបញ្ជាក់ជាដដែលៗថាភាគីចិន ប្រឆាំងដាច់ខាតចំពោះ​រឿងនេះ»

លោក Yujun បានបន្តថា «យោធារបស់ប្រទេសចិន នឹងបន្តធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក៏ដូចជាធ្វើតេស្តទៅលើសព្វា​វុធ​ថ្មីៗ ដើម្បីថែរក្សាការពារសន្តិសុខជាតិផ្ទាល់ រួមទាំងស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់»

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធ THAAD ជាច្រើនលើកច្រើនសាណាស់មកហើយ ​ជុំវិញក្តីព្រួយបារម្ភដែលថា វាអាចនឹងធ្វើឲ្យធ្លាក់ចុះនូវសមត្ថភាពការពារខ្លួនរបស់ប្រទេសចិន ដោយសារតែឥទ្ធិពលគ្របដណ្តប់នៃប្រព័ន្ធ​រ៉ាដារបស់ខែលការពារមីស៊ីលនេះ។ យ៉ាងណាមិញទីក្រុងវ៉ាស៊ីនតោននិងកូរ៉េខាងត្បូង នៅតែទទូចថាគោលបំណងរបស់ THAAD គឺដើម្បី​ការពារខ្លួនសុទ្ធសាធ ប្រឆាំងទៅនឹងការវាយប្រហាររបស់ទីក្រុងព្យុងយ៉ាង ខណៈនាថ្ងៃព្រហស្បតិ៍នេះ ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បានអះអាងថា ប្រព័ន្ធការពារមីស៊ីល THAAD នឹងដំណើរការឆាប់ៗនេះហើយ៕