(ម៉ូស្គូ)៖ នាវាឈ្លបយកការណ៍របស់កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីចំនួនមួយគ្រឿង បានលិចចូលទៅក្នុងផ្ទៃសមុទ្រខ្មៅ ក្បែរច្រកសមុទ្រ Bosporus នៃប្រទេសតួកគី បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយកប៉ាល់មួយគ្រឿងផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ថាជារបស់ប្រទេស​តូហ្គូ ដែលស្ថិតក្នុងតំបន់អាហ្រ្វិកខាងលិច តែជាសំណាងល្អមនុស្ស​ទាំង៧៨នាក់ ដែលមានវត្តមាននៅលើនាវាឈ្លបការណ៍នោះត្រូវ​គេ​ជួយ​សង្រ្គោះ​ឲ្យរួចរស់ជីវិតបានទាន់​ពេលវេលា។ នេះបើតាមការចេញផ្សាយដោយសាររុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

យោងតាមក្រសួងការពារជាតិរុស្ស៊ី តួខ្លួននៃនាវាឈ្លបយកការណ៍ទម្ងន់១,៥៦០ តោនរបស់កងអង្គភាពសមុទ្រខ្មៅ​នៃប្រទេសរុស្ស៊ី​ មាន​ឈ្មោះ The Liman បានលិចធ្លាយនៅក្រោមផ្ទៃទឹកនៅក្នុងការប៉ះទង្គិចគ្នានោះ។ ហើយក្រោយមកមនុស្ស​សរុបចំនួន៧៨នាក់នៅលើ​នាវា​រុស្ស៊ី​នេះក៏ត្រូវបានកងឆ្មាំសមុទ្ររបស់តួកគី​ជួយសង្រ្គោះភ្លាមៗផងដែរ និងកំពុងរៀបចំបញ្ជូន​ទៅកាន់​ប្រទេសរុស្ស៊ីវិញ។

គួរបញ្ជាក់ថា កប៉ាល់មួយគ្រឿងផ្សេងទៀតមានឈ្មោះថា Youzarsif H ដែលជាកប៉ាល់ដឹកទំនិញនោះ បានទទួលរងការខូចខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ ខណៈមូលហេតុដែលបានបណ្តាលឲ្យ​មានហេតុការណ៍ប៉ះទង្គិចគ្នា​នៃនាវាទាំងពីរគ្រឿងនេះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយ​នោះទេ ក៏ប៉ុន្តែមានសេចក្តីរាយការណ៍មួយចំនួនអះអាងថា ការចុះអ័ព្ទនិងភាពមើលឃើញ​កម្រិតទាបគឺជាកត្តាបង្កហេតុ៕