(ប៉ារីស)៖ ក្រសួងការបរទេសស៊ីរីបានថ្កោលទោស ចំពោះអ្វីដែលរដ្ឋាភិបាលបារាំងបានអះអាងថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី សម្លាប់មនុស្ស៨៧នាក់កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ នៅឯភាគខាងជើង​ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

ផ្អែកលើព័ត៌មាន​ដែលទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់បារាំង​ទទួលបាន រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Marc Ayrault បាននិយាយចំៗតែម្ដងកាលពី​ថ្ងៃពុធថា កងកម្លំាង​រដ្ឋាបាលស៊ីរី របស់​ប្រធានាធិបតីលោក បាស្សា អាល់ អាស្សាដ ពិតជាបានប្រើប្រាស់​អាវុធគីមី ត្បិតសារធាតុគីមី ប្រភេទសារីន​ (Sarin) ដែលត្រូវបាន​គេប្រើប្រាស់គឺ​ជាប្រភេទតែមួយ​នៃសារធាតុគីមី ដែលផលិត​ឡើងដោយ​មន្ទីរពិសោធន៍ស៊ីរី។ ក៏ប៉ុន្តែ​ជុំវិញការអះអាង​នេះដែរ ក្រសួង​ការបរទេស​ស៊ីរី នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោស និងបញ្ជាក់ថា ការលើកឡើង​របស់បារាំង  គឺជារឿង​កុហកទំាងស្រុង និងគ្រាន់តែចង់បិទបាំង​អ្នកប្រព្រឹត្តបទឧក្រិដ្ឋពិតប្រាកដតែប៉ុណ្ណោះ។   

គួរបញ្ជាក់ថា ការវាយប្រហារ​ដោយអាវុធគីមី​នៅទីក្រុង Khan Sheikhoun ក្នុងខេត្ត Idlib​ បានផ្ដាច់យក​អាយុជីវិត ប្រជាជនស៊ីវិល​៨៧នាក់ក្នុងនោះរួមមានទាំងកុមារ​ជាច្រើននាក់ ហើយវាបានបង្ក​ជាការតក់ស្លុតជាខ្លាំង​នៅទូទំាង​ពិភពលោក ព្រមទំាងជម្រុញ​ឱ្យទីក្រុង​វ៉ាស៊ីនតោន បើកការវាយប្រហារលើ​មូលដ្ឋានទ័ព​អាកាសស៊ីរី។ ម្យ៉ាងវិញទៀត​វាគឺជាលើកដំបូង​បំផុតផងដែរ ដែលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំង​យោធាដោយផ្ទាល់​ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាលស៊ីរី៕