(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានចេញការអនុញ្ញាតដោយស្ងៀមស្ងាត់ ចំពោះគំរោងនៃការពង្រីកវិសាលភាពទីផ្សារសេដ្ឋកិច្ច​ សម្រាប់រយៈពេលជាច្រើនឆ្នាំទៅខាងមុខ ដោយសារតែទំហំទីផ្សារក្នុងស្រុកបាន និងកំពុង​តែ​រីក​ធំ​ធាត់​ឡើងៗ។ នេះបើតាមរបាយការណ៍ថ្មីមួយ ដែល​ត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

របាយការណ៍​បោះពុម្ពផ្សាយ​ដោយវិទ្យាស្ថានជាតិ​អភិវឌ្ឍន៍កូរ៉េ KDI នៃប្រទេស​កូរ៉េខាងត្បូង បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងតែពី​​មេ​ដឹក​នាំ​កំពូល​​​បច្ចុប្បន្ន​លោក គីម ជុងអ៊ុន បានឡើងកាន់​អំណាចមក អាជ្ញាធរក៏ដូចជា​បណ្តាមន្រ្តីនៃប្រទេស​កូរ៉េខាងជើង ​បានផ្តល់ការ​​អនុ​ញ្ញាត​យ៉ាងស្ងៀមស្ងាត់ ចំពោះ​ការ​អនុ​វត្តន៍នូវចំណុច និងកត្តាសំខាន់ខ្លះៗនៃសកម្មភាពនានាក្នុងទីផ្សារសេដ្ឋកិច្ច ដែលជាហេតុបាននាំ​ទៅរកការកើន​ឡើង​ ​នៃទំហំ​ទីផ្សារ​នៅ​ក្នុង​ស្រុកបែបនេះ»។

ដោយហេតុតែ​រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាង មិនបានដាក់​សម្ពាធ និងកំហិតទៅលើ​សកម្មភាពទីផ្សារ ទើបទំហំទីផ្សារនៅក្នុងប្រទេសនេះ​​ បានរីក​ចម្រើន​លូត​លាស់​ក្នុង​កម្រិត​យ៉ាង​ល្អ​ប្រសើរ ខណៈវិស័យ​ឯកជនក៏ទទួល​បានកំណើន​ក្នុងអត្រា​សមរម្យ រួមជាមួយវិស័យ​សាធារណៈ​ផង​ដែរ។ បន្ថែមពីនេះ​របាយការណ៍​របស់វិទ្យាស្ថាន KDI បានបញ្ជាក់​ទៀតថា សព្វថ្ងៃ​រថយន្តតាក់ស៊ី​នៅក្នុងរដ្ឋធានីព្យុង​យ៉ាងមានចំនួន​ ១,៥០០គ្រឿង ដោយតម្លៃគោល​របស់ពួកគេត្រូវបានកំណត់នៅត្រឹម​ពីរដុល្លារ និង០.៥៦ដុល្លារបន្ថែមទៀត សម្រាប់រៀងរាល់​ចម្ងាយ​មួយ​​គីឡូ​ម៉ែត្រ។

បន្ថែមពីនេះទៀតឱសថស្ថាន​ឯកជន​ ក៏អាចបើកមុខរបរ​រកស៊ីបានថែម​ទៀតផង បន្ទាប់ពីទទួលបាន​អាជ្ញាប័ណ្ណទទួល​​ស្គាល់​​​ពី​​រដ្ឋា​ភិ​បាល។​ លើសពីនេះទៀត​កូរ៉េខាងជើង ក៏ទំនងជា​បានដកបំរាមលើ​ការធ្វើពាណិជ្ជកម្ម​សាច់គោផងដែរ ដោយសារ​ប្រជាពលរដ្ឋអាច​ទិញផលិតផល​សាច់គោពីទីផ្សារ​បានយ៉ាង​ងាយស្រួល។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍​ដដែលខាងលើនេះ ទីផ្សាររបស់​ប្រទេសកូរ៉េខាងជើង ត្រូវបានរំពឹងថា​ នឹងបង្កពង្រីកខ្លួនបន្ថែមទៀត​ស្របពេលដែលរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង យល់ឃើលថា​ ទីផ្សារពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះរបបដឹកនាំ​របស់ខ្លួន​ជាជាងចាត់​ទុកពួកវា​គឺជាការគំរាមកំហែង​ដ៏ធំមួយវិញនោះ៕