(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង​នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ប្រព័ន្ធខែលការពារមីស៊ីល THAAD​ នឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយ​មីស៊ីផ្លោងរបស់កូរ៉េខាងជើង ខណៈប្រទេសចិន និងរុស្ស៊ីបានសម្ដែងការជំទាស់​យ៉ាងខ្លាំងក្លានឹង គំរោងដំឡើង THAAD ក្រោមហេតុផល​សន្តិសុខជាតិរបស់ពួកគេ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរឧត្តមនាវីឯក​អាមេរិក លោក ហារី ហារីស (Harry Harris) មេបញ្ជាការកងទ័ព​ជើងទឹកអាមេរិក​ប្រចំាតំបន់​ប៉ាស៊ីហ្វិក ក៏បានបញ្ជាក់នៅ​ចំពោះមុខសភា​អាមេរិកដែរថា THAAD នឹងត្រូវដាក់ឱ្យ​ដំណើរការនៅ​រយៈពេលប៉ុន្មានថ្ងៃ​ខាងមុខនេះ។ ដោយឡែកនៅពេលអ្នក​សារព័ត៌មានសួរ បញ្ជាក់ពីការ​លើកឡើងរបស់លោក ហារី អ្នកនាំពាក្យ​ក្រសួងការពារ ជាតិ​កូរ៉េខាងត្បូង លោក មូន សាងឃ្យុន (Moon Sang-gyun) នៅតែអះអាង​ដូចគ្នាថា វាគឺការពិត​ដោយលោកលើកឡើង​យ៉ាងដូច្នេះថា «THAAD នឹងត្រូវដាក់​ឱ្យដំណើរការយ៉ាងពិតប្រាកដ​ក្នុងពេលដ៏ខ្លី​ខាងមុខនេះ ហើយការ​តំឡើង THAAD មានន័យថា កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក នឹងមាន​សមត្ថភាពទប់ទល់​ការបង្ករឿងពី​កូរ៉េខាងជើង»។

គួរបញ្ជាក់ថា ក្រៅតែពីចិន និងរុស្ស៊ី​ប្រជាជន​កូរ៉េខាងត្បូង​​រស់នៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង ជាទីដែលត្រូវ​ដាក់ពង្រាយ THAAD បានជំទាស់​យ៉ាងខ្លាំង​នឹងគំរោងនេះ ដោយពួកគេយល់ថា​ វានឹងបង្កការប៉ះពាល់ ដល់សុខភាព និងបរិស្ថានក៏ដូចជា បង្កជម្លោះជាមួយកូរ៉េខាងជើងរឹតតែខ្លាំង។ ទោះជាបែបនេះក្តីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បន្តអះអាងថា ពួកគេនឹងធ្វើការសិក្សារួមគ្នាពាក់ព័ន្ធ​នឹងបញ្ហាបរិស្ថាន និងសុខភាព​ប្រជាជននៅក្នុងតំបន់ ហើយសម្រាប់ THAAD នេះគឺមានគោលដៅតែទៅលើទីក្រុងព្យុងយ៉ាងតែមួយគត់៕