(ដាម៉ាស់)៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ​ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស​លើឃ្លំាងស្ដុកអាវុធ​របស់ក្រុមឧទ្ទាមហេសប៊ូលឡា នៅក្បែរអាកាសយានដ្ឋាន​ទីក្រុងដាម៉ាស់ប្រទេសស៊ីរី ខណៈក្រុមឧទ្ទាមមួយនេះ​ក៏បានអះអាងដែរថា ហេតុការណ៍ផ្ទុះ​ដ៏ខ្លាំងមួយក្នុងទីក្រុងដាម៉ាស់ គឺបណ្ដាលមកពីការវាយប្រហារ​របស់អ៊ីស្រាអែលតែម្ដង។ នេះបើតាមប្រភព​ពីទីភ្នាក់ងារចារកកម្ម​នៅក្នុងតំបន់​ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

​ប្រភពដដែល​បានឱ្យដឹងទៀតថា ឃ្លំាងស្ដុកអាវុធ​ខាងលើ​ត្រូវបានអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ ប្រើប្រាស់​ក្នុងការដឹកជញ្ជូន​អាវុធ​ឱ្យក្រុម​ឧទ្ទាម​ហេសប៊ូលឡា ដែលមាន​ក្រុមអ្នកប្រយុទ្ធ​រាប់ពាន់នាក់ កំពុងជួយកងកម្លាំង​រដ្ឋាភិបាលស៊ីរី ប្រយុទ្ធប្រឆាំង​នឹងក្រុម​ប្រឆាំងស៊ីរី គំាទ្រដោយ​សហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេល​មួយគ្នា ប្រភពនេះមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម​នោះឡើយ។

គួរបញ្ជាក់ថា នេះមិនមែនជា​លើកទីមួយឡើយ ដែលអ៊ីស្រាអែល​ធ្វើប្រតិបត្តិការ​យោធានៅស៊ីរី បើទោះជា​អ៊ីស្រាអែលធ្លាប់​បានអះអាង​ពី នយោបាយអព្យាក្រឹត​របស់ខ្លួន​ចំពោះសង្រ្គាមស៊ីរីក៏ដោយ។ ក៏ប៉ុន្តែម្ដងម្កាលទីក្រុងតែលអាវីវ តែងតែបើកការ​វាយប្រហារតាមផ្លូវអាកាស នៅលើទឹកដីស៊ីរី ដោយមានគោលបំណងបំផ្លាញឃ្លំាងស្ដុក ឬក្បួនដឹកជញ្ជូនអាវុធរបស់​ក្រុមហេសប៊ូលឡា៕