(វ៉ាស៊ីនតោន)៖ បន្ទាប់ពីផ្ទុះហេតុការណ៍អូសទាញអ្នកដំណើរម្នាក់ទាំងកម្រោល ចេញពីលើយន្តហោះ ដែលបានធ្វើឲ្យកក្រើក​បណ្តាញ​ទំនាក់​ទំនងសង្គម​ កាលពីពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានសម្រេចផ្លាស់ប្តូរគោលការណ៍មួយ ចំនួនរបស់ខ្លួន ហើយថែមទាំងបានប្រកាសថា​ នឹងផ្តល់​ប្រាក់រហូតដល់ទៅ ១០,០០០ដុល្លារ សម្រាប់អ្នកដំណើរណា ដែលស្ម័គ្រចិត្តផ្តល់កន្លែងអង្គុយ​នៅក្នុងករណីចំាបាច់ទៅដល់បុគ្គលិក​អាកាសចរណ៍ ដែលមិនអាចជៀសវាងបានក្នុងការឡើងជិះលើយន្តហោះ ដែលមានអ្នកដំណើរពេញ​ទៅហើយនោះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Los Angeles Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

បន្ទាប់ពីនាយក​ប្រតិបត្តិ (CEO) United Airlines ​បានចេញមុខសូមទោស​ជាសាធារណៈ នៅពេលនេះ​ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន​ ក្នុងទីក្រុង Chicago នេះ កំពុងកែ​សម្រួលគោលការណ៍​ចំនួន១០ចំណុច ដើម្បីឆ្លើយតប​ទៅនឹងការខឹងសម្បារ​ជាខ្លាំងរបស់​មហាជន ជុំវិញ​ហេតុការណ៍​កាលពីថ្ងៃទី០៩ ខែមេសា ដែលត្រូវបានអ្នកដំណើរដទៃ​ទៀតថត​យកសកម្មភាព​បាន។

ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុន ជាគូរប្រជែង Delta Airlines ក៏មានគំរោង​នឹងផ្ដល់ប្រាក់​ជំងឺចិត្ត ៩,៩៥០ដុល្លារ នៅក្នុងករណីតម្រូវឱ្យអ្នកដំណើរបោះបង់កៅអីអង្គុយ ដែលប្រការ​ដែលនឹងកម្រកើតមានឡើងនេះ គឺក្នុងករណីដែលអាកាចរណ៍ចង់ផ្តល់កៅអីសម្រាប់បុគ្គលិករបស់ខ្លួន​វិញ នៅពេលដែលយន្តហោះត្រូវបានអ្នកដំណើរជិះពេញមិនសេសសល់ ដែលវាជាការធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត ប៉ុន្តែនឹងមិនឲ្យករណីដូចការបង្ខិតបង្ខំលើកមុននោះកើតមានឡើងទៀតឡើយ។

គួររំលឹកថា ក្រុមភ្នាក់ងារ​សន្តិសុខរបស់​ United Airlines បានចាប់អូស​អ្នកដំណើរ​សញ្ជាតិអាមេរិក មានដើមកំណើត​វៀតណាមម្នាក់​ឈ្មោះ David Dao យ៉ាងព្រៃផ្សៃ​ចេញ​ពី​កៅ​អី​​អង្គុយ បន្ទាប់​ពីរូបលោកបាន​បដិសេធមិនព្រមផ្ដល់កៅអីអង្គុយដល់បុគ្គលិករបស់ក្រុមហ៊ុន តាមការស្នើរបស់ពួកគេ។ ក៏ប៉ុន្តែ បន្ទាប់ពីវិដេអូ​បង្ហាញពីសកម្មភាពដ៏អាក្រក់ខាងលើនេះ បានផ្ទុះឡើងក្នុង​បណ្តាញទំនាក់ទំនង​សង្គម ភាគហ៊ុនរបស់​ក្រុមហ៊ុន​អាកាសចរណ៍ United Airline បាន​ធ្លាក់​ចុះ​ដល់​​ទៅ០​​៦​ភាគ​រយ ឬស្មើនឹង​ ១.៤ពាន់លានដុល្លារភ្លាមៗ ហើយក្រោយពី​មានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងក្លា​ពីសំណាក់មជ្ឈដ្ឋាន​សាធារណៈ នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​អាកាសចរណ៍ United Airline ក៏​បាន​ចេញ​មុខ​​​សូមអភ័យ​ទោស​​ចំពោះហេតុការណ៍​​នេះថា មិនគួរឲ្យកើតមាន​​ឡើងនោះឡើយ ខណៈប៉ុន្មាន​ថ្ងៃក្រោយមក​ ភ្នាក់ងារ​សន្តិសុខបីនាក់​របស់អាកាស​ចរណ៍ ​ត្រូវបាន​​បណ្តេញចេញ​ពីការងារ៕