(វ៉ាស៊ីនតោន)៖ យោងតាមកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក ការធ្វើតេស្តប្រព័ន្ធមីស៊ីលផ្លោង អន្តរទ្វីប (ឆ្លងទ្វីប) Minuteman III ដែល​មានបំពាក់នូវក្បាល​គ្រាប់នុយក្លេអ៊ែរ តែមិនផ្ទុកជាតិផ្ទុះ​មួយគ្រាប់ផងដែ​រនោះ បានប្រព្រឹត្តទៅដោយ​ជោគជ័យ ដោយក្បាលគ្រាប់នោះ​ហោះ​ទៅ​កាន់​គោល​ដៅ​​បានចម្ងាយ ៦,៧៦០គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៧។

មីស៊ីលផ្លោង​​ខាងលើនេះ ត្រូវបានបាញ់​​ចេញពីមូលដ្ឋាន​ទ័ព​អាកាស Vandenberg Air Force ស្ថិតក្នុង​រដ្ឋកាលីហ្វរញ៉ា ខណៈអ្នកនាំពាក្យ​​ទី​បញ្ជា​ការ​ទ័ព​ជើង​​អាកាសអាមេរិ ​បានអះអាង​នៅមុនការធ្វើ​តេស្តថា វាពុំមាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយនឹង​ភាពតឹងតែង​​ដែលកំពុងកើន​ឡើង​នៅ​​តំបន់​ឧបទ្វីប​កូរ៉េ​នោះឡើយ ដោយហេតុ​តែ​ការធ្វើ​តេស្តនេះ ត្រូវបានគ្រោង​​រៀបចំតាំង​ពីមួយឆ្នាំ​មុនមកម្ល៉េះ។

ខណៈពេលនោះដែរ​មេទ័ពអាមេរិកម្នាក់​​បានលើកឡើង​យ៉ាង​ដូច្នេះថា «ការបាញ់បង្ហោះ​​មីស៊ីលប្រភេទ Minuteman ទាំងនេះ​មានសារៈសំខាន់​​ខ្លាំងណាស់ ក្នុង​បញ្ជាក់​អះអាង​អំពី​ស្ថានភាពនៃ​កម្លាំង​អាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែង​អំពីសមត្ថភាពក៏​ដូចជា​អានុភាព នៃអាវុធ​នុយ​ក្លេ​អ៊ែរ​​របស់​​សហ​រដ្ឋ​​អា​មេ​រិក ហើយវាក៏ជាសញ្ញាមួយ​ប្រាប់ទៅដល់​សត្រូវរបស់​​យើងនានាផងដែរ»​

ជុំវិញរឿងនេះអ្នកជំនាញផ្នែកយោធាម្នាក់របស់ប្រទេសរុស្ស៊ី បានបញ្ចេញមតិយោបល់ផងដែរថា ការធ្វើតេស្តបាញ់សាកល្បង មីស៊ីលផ្លោង​អន្តរទ្វីប ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ពិតជាមើលទៅប្រៀបដូចជាសកម្មភាព​តំឡើងសាច់ដុំ​របស់សហរដ្ឋអាមេរិក នៅ​ចំពោះ​មុខ​ភាព​តាន​តឹង​ដែល​កំពុងកើនឡើងជាមួយកូរ៉េខាងជើង ដោយសម្អាងលើហេតុផលថា​ ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តពង្រាយ​វត្តមាននៃ​កម្លាំង​​យោធារបស់ខ្លួន នៅជុំវិញកូរ៉េខាងជើង។

គួរបញ្ជាក់ថា សហគមន៍​អន្តរជាតិ​នាពេលកន្លងមក​បានថ្កោលទោស​ជាដដែលៗ ចំពោះសកម្មភាព​បង្កហេតុជាច្រើនលើក​ និងច្រើនសាររបស់​​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ហើយថ្មីៗនេះ​សហរដ្ឋអាមេរិក ថែមទាំងបាន​សម្រេចបញ្ជូន​ក្រុមនាវាចម្បាំង​ រួមមានទាំង​នាវាផ្ទុកយន្តហោះ​ចម្បាំង​ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ និងនាវាមុជទឹក​បំពាក់គ្រាប់មីស៊ីល​ប្រដេញ ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ​ទៀតផង។

ម៉្យាងវិញទៀតបន្ទាប់​ពីមាន​សេចក្តីរាយការណ៍​ថា ទីក្រុងវ៉ាស៊ីនតោន​អាចនឹងបើកការ​វាយប្រហារយោធា ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង បើ​សិន​ណា​​ជា​កូរ៉េខាងជើងហ៊ាន​​បន្ត​ធ្វើតេស្តអាវុធនុយក្លេអ៊ែរ​ទៀតនោះ រដ្ឋកុម្មុយនិស្តមួយនេះ​បានព្រមានធ្ងន់ៗ​ដោយមិនចុះញ៉ម​ថា ពួក​គេ​បាន​ត្រៀម​​លក្ខណៈរួចជា​ស្រេច ដើម្បី​ឆ្លើយតប​ទៅនឹងសកម្មភាព​របស់អាមេរិក៕