(បាដាត)៖ កងកម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ Hashd Shaabi ឬហៅថា «ចលនាប្រជាជន» បានឱ្យដឹងថា ខ្លួនបានវាយដណ្ដើមយកទីក្រុងបុរាណ Hatra ស្ថិតនៅតំបន់វាយខ្សាច់នៃភាគអាគ្នេយ៍ទីក្រុងម៉ូស៊ុល ពីពួក ISIS មកវិញ បន្ទាប់ពីការវាយប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ។ នេះបើតាមការ​ចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

កងកម្លាំង Hashd Shaabi បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «កងកម្លាំង Hashd Shaabi បានរំដោះទីក្រុង Hatra ក្រោយវាយប្រយុទ្ធដ៏ខ្លាំងជាមួយសត្រូវ (ISIS)»។ ការវាយដណ្ដើម​យកទីក្រុង Hatra ធ្វើឡើងនៅ​ក្នុងថ្ងៃទី០២ នៃប្រតិបត្តិការ​យោធា​របស់ Hashd Shaabi ដើម្បីបោស​សំអាតពួក ISIS ចេញពីមូលដ្ឋាន​ដែលពួកវា​កំពុងគ្រប់គ្រង​នៅក្នុងទីក្រុង Hatra និងតំបន់ក្បែរ​ខាងស្ថិត​នៅចំងាយ ១០០គីឡូម៉ែត្រ នៃភាគអាគ្នេយ៍​ទីក្រុងម៉ូស៊ុល។

គួរបញ្ជាក់ថា កងកម្លាំង Hashd Shaabi ក៏បានវាយ​ដណ្ដើមយក​ពីពួក ISIS មកវិញនូវ​ភូមិចំនួន ១២ភូមិស្ថិតក្បែរទីក្រុង Hatra ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិភណ្ឌ​ពិភពលោក​ របស់អង្គការ UNISCO កាលពីឆ្នាំ១៩៨៧។ បច្ចុប្បន្នទីក្រុងម៉ូស៊ុល ភាគកណ្តាល (ភាគច្រើន) នៅតែស្ថិតនៅក្នុង​កណ្តាប់ដៃ ISIS ដដែល ដោយសារតែវាជាតំបន់ស្នូល ដែលការការពារយ៉ាងរឹងមាំបំផុត៕