(វ៉ាស៊ីនតោន)៖ មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងទ័ព​អាមេរិកប្រចាំតំបន់​ប៉ាស៊ីហ្វិក លោកឧត្តមនាវី Harry Harris បានថ្លែង​បញ្ជាក់​​អះ​អាងតបទៅកាន់ការព្រមានរបស់ទីក្រុងព្យុងយ៉ាងដូច្នេះ​ថា កូរ៉េខាងជើងពុំ​មានសព្វាវុធដែល​មានសមត្ថភាពក្នុងការវាយប្រហារ​ដោយជោគជ័យ​ ប្រឆាំងនឹង​ក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើដំណើរ​ទៅកាន់ឧបទ្វីបកូរ៉េ​បាននោះឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៧។

លោក Harris បានលើក​ឡើងយ៉ាង​ដូច្នេះថា «ប្រទេស​កូរ៉េខាងជើងមិនមាន​គ្រាប់មីស៊ីល​ជាប្រភេទអាវុធ​ប្រឆាំងនឹងនាវា ដែលអាច​បង្កការ​គំរាមកំហែង​អ្វីមួយ ដល់ក្រុម​របស់នាវាដឹក​យន្តហោះ​ចម្បាំង USS Carl Vinson បាននោះ​ឡើយ ហើយបណ្តា​សព្វាវុធដែល​របបដឹកនាំ​​ទីក្រុង​ព្យុង​​យ៉ាង គ្រោងនឹង​ប្រើប្រាស់​ប្រឆាំងទៅនឹង​ក្រុមរបស់នាវា​ដឹកយន្តហោះ​ចម្បាំង នៃសហរដ្ឋអាមេរិក​នេះវិញនោះ គឺមានភាព​ងាយស្រួល​​ក្នុង​ការ​ទប់​ទល់​ជា​ទី​បំផុត​»

គួរបញ្ជាក់ថា ស្ថានភាពនៅ​ឧបទ្វីបកូរ៉េបាននិងកំពុង​ជួបភាពតានតឹង​ខ្លាំងឡើង ចាប់តាំងពី​កូរ៉េខាងជើង បានធ្វើតេស្ត​មីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ​​​ជា​​ច្រើន​លើក ដែលទង្វើទាំងអស់នេះ​ត្រូវបានអន្តរជាតិ​ចាត់ទុកថា ជាការបំពាន​លើដំណោះស្រាយក៏ដូចជា សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ។

នៅចំពោះមុខស្ថានភាពដ៏សែនក្តៅគគុកក្នុងតំបន់ សហរដ្ឋអាមេរិក​បានសម្រេចបញ្ជូន​ក្រុមនាវាចម្បាំង​របស់ខ្លួន ដែលដឹកនាំ​ដោយនាវាដឹ​កយន្ត​ហោះ​ចម្បាំង ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ USS Carl Vinson ទៅកាន់​ឧបទ្វីបកូរ៉​ ហើយយោង​តាម​ការ​អះ​អាង​​របស់​សារ​ព័ត៌​មាន​​រដ្ឋ​កូរ៉េ​ខាង​ជើង​ របបដឹកនាំទីក្រុង​ព្យុងយ៉ាង បានត្រៀម​រួចជាស្រេច ដើម្បីបង្ហាញ​ឥទ្ធិពលនុយក្លេអ៊ែរ​របស់ខ្លួន នៅក្នុងការឆ្លើយតប​​ចំពោះ​ការ​បញ្ជូន​​ក្រុម​នាវា​ចម្បាំង​នេះ ដោយព្រមានថា​អាចនឹងបាញ់ពន្លិច​នាវាដឹកយន្តហោះ​ចម្បាំង USS Carl Vinson ចោលតែម្តង៕