(មូស្គូ)៖ សហរដ្ឋអាមេរិកកំពុងបន្តដើរតាមគន្លងយុទ្ធសាស្ត្រ គ្រប់គ្រងពិភពលោកទំាងមូល តាមរយៈ​ការអភិវឌ្ឍ និងដាក់ពង្រាយ​ប្រព័ន្ធខែលការពារមីស៊ីល ដែលអាចមានសមត្ថភាព​វាយប្រហារដោយ​អាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹងចិន ជាពិសេសគឺរុស្ស៊ី ក្នុងពេលតែមួយ​ប៉ប្រិចភ្នែក។ ដូច្នេះរុស្ស៊ីគួរតែត្រៀមខ្លួនទប់ទល់ការវាយប្រហារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។ នេះបើតាមមេបញ្ជាការ​យោធារុស្ស៊ី លោក Viktor Poznikhir ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ដ៏ខ្លីមួយ លោក Viktor Poznikhir បានលើកឡើងយ៉ាងដូច្នេះថា «វត្តមានមូលដ្ឋានទ័ព​អាមេរិក​នៅអឺរ៉ុប ព្រមទំាង​នាវាចម្បាំង​បំពាក់ប្រព័ន្ធប្រឆាំង​មីស៊ីល​ក្បែរដែន​ដីរុស្ស៊ី គឺជាការ​គំរាមកំហែងមួយ ត្បិតសហរដ្ឋអាមេរិក​អាចនឹងបាញ់មីស៊ីល​នុយក្លេអ៊ែរប្រឆាំង នឹងទីក្រុងម៉ូស្គូ​គ្រប់ពេលវេលា ហើយមិនតែប៉ុណ្ណោះ​វាក៏នឹងបំផ្លាញ​ផងដែរ​ ដល់តុល្យភាព​អាវុធនុយក្លេអ៊ែរ និងបង្កភាពស្មុគស្មាញដល់​កិច្ចចរចា លុបបំបាត់អាវុធ​នុយក្លេអ៊ែរ។ ទោះជាបែបនេះក្តីបើទីក្រុង​វ៉ាស៊ីនតោន សម្រេចចិត្ត​ផ្សងព្រេង​ធ្វើដូច្នេះមែននោះ វានឹងបង្ខំឱ្យបណ្ដា​ប្រទេស​ដ៏ទៃទៀតចាត់ វិធានការឆ្លើយ​តបឱ្យបានសាកសម​ជាទីបំផុតមិនខាន»

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិរុស្ស៊ី សហរដ្ឋអាមេរិក​បានចំណាយ​ប្រាក់ជិត ១៣០ពាន់​លានដុល្លារ សម្រាប់ប្រព័ន្ធ​ការពារមីស៊ីលក្នុង រយៈពេល១៥ឆ្នាំ​ចុងក្រោយនេះ ហើយអាចនឹង​ចំណាយ ៥៥ពាន់លានដុល្លា​បន្ថែមទៀត នារយៈពេល៥​ឆ្នាំបន្ទាប់។ ដោយឡែក បើតាមលោក Viktor Poznikhir បច្ចុប្បន្ន​សហរដ្ឋអាមេរិក មានមីស៊ីលប្រឆាំង​មីស៊ីល GBI ចំនួន៣០គ្រាប់ មីស៊ីល Standard-3 ១៣០គ្រាប់ និង THAAD ១៥០គ្រាប់ ​ដែល ត្រូវបានដាក់​ពង្រាយនៅលើទឹក​ដីអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួន​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក៕